ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានអះអាងយ៉ាងច្បាស់ៗថា អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់ គឺមិនអាចរួចខ្លួនដោយការបង់លុយនោះទេ គឺត្រូវតែទទួលទោសខាងព្រហ្មទណ្ឌយ៉ាងតឹងរឹងបំផុត។
លោក សេង ឌីណាបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ថា នៅក្នុងសំណុំរឿងចរាចរណ៍ គណៈកម្មាធិការដឹកនាំយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការបានពិនិត្យឃើញផងដែរនូវការអនុវត្តអស់រយៈពេលមួយឆ្នាំមកនេះ គឺការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ យ៉ាងឆាប់រហ័ស ។
លោកបន្តថា “អ្នកបើកបរដែលល្មើសច្បាប់ចរាចរណ៍ ហើយបង្កគ្រោះថ្នាក់បណ្តាលឱ្យអ្នកដទៃស្លាប់ គឺត្រូវទទួលខុសត្រូវតាមច្បាប់ដោយតឹងរ៉ឹង ហើយម៉ឹងម៉ាត់ផងដែរ ។ មិនមែនមានន័យថា សងសំណងហើយរួចខ្លួនទេ សងសំណងគឺនៅតែសងសំណង ទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនៅតែទទួលខុសត្រូវ ។ ករណីដែលនិយាយថា បុកគេស្លាប់បង់លុយហើយរួចខ្លួនហ្នឹងគឺមិនមានទៀតទេ មិនឱ្យមានទៀតទេ នៅក្នុងក្របខណ្ឌនៃយុទ្ធនាការនៃការកែទម្រង់ហ្នឹង”។
លោកសង្កេតឃើញថា អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកបាត់បង់ជីវិតគឺមានសុឆន្ទះទំនួលខុសត្រូវរបស់ពួកគេយ៉ាងឆាប់រហ័ស ក្នុងការសងសំណងទៅជនរងគ្រោះនោះគឺនៅតែមានចំនួនច្រើន ទោះបីជាដឹងថា មិនអាចរួចខ្លួនពីសំណាញ់ច្បាប់ក៏ដោយ៕