ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការ នគរបាលខណ្ឌដូនពេញ បានលើកឡើងថា មានជនអគតិបានបង្កើត អាខោនហ្វេសប៊ុកក្លែងក្លាយ ដោយបានយកឈ្មោះ និងរូបភាពរបស់លោក ដើម្បីធ្វើការវាយប្រហារ ទៅលើអ្នកដទៃ ដោយគ្មានសីលធម៌ ។
សម្រាប់អ្នកបង្កើតហ្វេសប៊ុកក្លែងក្លាយនេះ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានអះអាងថា លោកបានកំពុងចំណាត់ការ ទៅតាមផ្លូវច្បាប់ ដោយមិនលើកលែងនោះទេ ។
បើតាមលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បង្ហោះសារក្នុងហ្វេសប៊ុកនាថ្ងៃ១៤ មករាថា “ខ្ញុំវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ មានការសោកស្តាយយ៉ាងខ្លាំង នូវទង្វើរបស់ជនអគតិ ខិលខូច ដែលបានបង្កើត គណនេយ្យ ហ្វេសប៊ុករួចដាក់ឈ្មោះខ្ញុំ (ទៀង ច័ន្ទសារ និងរូបថតខ្ញុំធ្វើជាប្រូហ្វាល) ដើម្បីសរសេរវាយប្រហារ និងធ្វើការស៊ែលទៅលើគណនេយ្យឈ្មោះ ដំណឹងថ្មី ដែលទង្វើនេះជាទង្វើអសីលធម៌ ។ សូម សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និងមហាជន ដែលកំពុងប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក សូមកុំមានការភាន់ច្រឡំ មកលើរូបខ្ញុំ” ៕