ភ្នំពេញ ៖ ក្នុងឱកាសបន្តធ្វើបាឋកថា ក្នុងវគ្គបណ្តុះបណ្តាលភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមាន សមាសភាព ចូលរួមសរុបចំនួន ៤,០៨៦នាក់ នាថ្ងៃ១៤ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់លើ «ការគ្រប់គ្រងការបំពេញការងារ របស់បុគ្គលិក-មន្រ្តីសុខាភិបាល នៅគ្រប់មូលដ្ឋាន សុខាភិបាល»ត្រូវតែជារឿងសំខាន់មិនអាចខ្វះបាន។
ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលក្នុងឱកាសជួបជុំជាមួយមន្ត្រីសុខាភិបាលទាំងអស់នាដើមឆ្នាំ ២០២៥ និងបានណែនាំពីការប្រើប្រាស់ពេលឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចភារកិច្ចអោយកាន់តែបានច្រើន។ បន្ថែមពីលើនេះ សាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តី សុខាភិបាលទាំងអស់ អំពីការប្រើប្រាស់ អាំងស៊ីញក្រសួង សុខាភិបាល (Logo) ដែលបានចែកជូន ក៏ដូចជាអត្ថន័យ នៃការប្រើប្រាស់សញ្ញានេះ តំណាងឱ្យសេចក្តីស្រឡាញ់ ពីស្ថាប័នជូនដល់មន្រ្តី សុខាភិបាលគ្រប់ឋានុក្រម ហើយបានលើកទឹកចិត្ត ឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រើប្រាស់ស្លាក សញ្ញានេះ ដើម្បីបង្ហាញពី មនសិការវិជ្ជាជីវៈសុខាភិបាល។
ដោយមានសំណូមពរ ពីអ្នកចូលរួមសាស្រ្តាចារ្យ រដ្ឋមន្រ្តីបានរំលឹកមេរៀន “ការគ្រប់គ្រងលើការ បំពេញការងារ របស់មន្រ្តី-បុគ្គលិក Managing Staff Performance ។ សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់គ្រប់គ្រង សមិទ្ធផលការងារ របស់បុគ្គលិក តាមអង្គភាព រួមមាន៖ (១)ត្រូវពិនិត្យមើលសមត្ថភាព និងឥរិយាបថ ក្នុងការបំពេញការងារ របស់បុគ្គលិកម្នាក់ៗ (២) ត្រូវបញ្ជ្រាបគោល គំនិតកំណែទម្រង់ទៅក្នុងការងារ ដើម្បីឱ្យសមិទ្ធិផល មានភាព ប្រសើរឡើង (៣)ធ្វើការវាស់វែង សមិទ្ធផលការងារ របស់បុគ្គលិកជាប្រចាំ (៤)រៀបចំឱ្យមានយន្តការ ប្រាស្រ័យទាក់ទង និងការផ្តល់ព័ត៌មាន ត្រឡប់រវាងបុគ្គលិក និងថ្នាក់ដឹកនាំ (៥)បណ្តុះបណ្តាលឱ្យបុគ្គលិក ចេះធ្វើនវានុវត្តន៍ ការងារប្រចាំថ្ងៃ (៦)បង្កើតទម្លាប់ធ្វើការ ដែលផ្តោត លើការទទួល បានលទ្ធផលល្អ (៧)កំណត់គោលដៅ ដែលមានភាព សមស្របសម្រាប់បុគ្គលិកអាចឈាន ទៅសម្រេចបាន និង (៨)មានយុទ្ធសាស្រ្តសម្រាប់បង្កើន សមត្ថភាពបុគ្គលិកបន្ថែម៕