ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យបង្ក្រាប បទល្មើសបទល្មើសគ្រឿងញៀន និងល្បែង អនឡាញខុសច្បាប់

កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលបន្ទុកប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំឱ្យធ្វើការបង្ក្រាបបទល្មើស ដែលប៉ះ ពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជា គ្រឿងញៀន ល្បែងអនឡាញ ខុសច្បាប់ ចំពោះបញ្ហា ឬបទល្មើស ដែលកើតមាន នៅតាមមូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់ គឺត្រូវយកចិត្តទុកដាក់ក្តាប់ សភាពការណ៍ និងរួសរាន់ដោះស្រាយឱ្យបានឆាប់រហ័ស។

ការថ្លែងបែបនេះ ក្នុងឱកាសបិទអង្គសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារ បន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ចាម ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ និងតស៊ូប្រឆាំងដាច់ខាត រាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បង្កអស្ថិរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងបង្អាក់ដំណើរការនៃការរីកចម្រើន លូតលាស់របស់ប្រទេសជាតិយើងផងដែរ ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា ដោយមានកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងមាន សមត្ថកិច្ចខេត្តកំពង់ចាម បានចូលរួម ទប់ស្កាត់ និងបង្ក្រាបបទល្មើស ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ ក្នុងនោះ បទល្មើសមានការថយចុះរហូតដល់ ១៣ភាគរយ គួបផ្សំកិច្ចប្រតិបត្តិការ បង្ក្រាបបានកម្រិតខ្ពស់ ៩៧% ធ្វើឱ្យឃុំ-សង្កាត់មានបទល្មើសមានត្រឹម ៣០ឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលពុំមានបទល្មើស មានចំនួនដល់ទៅ ៧៩ឃុំ-សង្កាត់។

ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានបញ្ជាក់ថា ឆ្លងតាមការពិនិត្យ និងវាយតម្លៃលើ សភាពការណ៍ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់តាំង អនុវត្តគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ថ្នាក់ជាតិ ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់ល្អប្រសើរដូចបណ្ដា ឆ្នាំមុនៗគឺ ឃុំ-សង្កាត់ទទួលបាន ចំណាត់ថ្នាក់ប្រភេទលេខ១ ទាំង ១០៩ឃុំ-សង្កាត់ ៕

To Top