ព័ត៌មានជាតិ

លោកស្នងការកំពង់ធំ បញ្ជាដល់កម្លាំង ជំនាញចរាចរណ៍ ត្រូវរកឱ្យឃើញ នូវបញ្ហាប្រឈម ករណីគ្រោះថ្នាក់ចរាចរណ៍

កំពង់ធំ: លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្តធនធានសម្ភារៈ ថវិកាផ្ទាល់ខ្លួន ចូលរួមចំណែក ក្នុងបេសកកម្ម ក្នុងរយៈពេលឆ្នាំ២០២៤ កន្លងមកនេះ សម្រេចបានស្នាដៃ លទ្ធផលល្អប្រសើរគួរជាទីមោទនៈ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ថ្លែងសង្កត់ធ្ងន់ លើការងារមួយចំនួនមាន ÷១.ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការ ជំនាញ និងវិធានការរដ្ឋបាលសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលអាចកើត មានឡើង តាមមូលដ្ឋានរបស់ខ្លួន ធានា ថែរក្សាបាន សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និង សង្គមជាតិ ។ ២.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ជំរុញលើកទឹកចិត្ត ដល់កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន ឱ្យមានការថយចុះ ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ៣.ការងារចរាចរណ៍ផ្លូវគោកបង្កើនការផ្សព្វផ្សាយច្បាប់ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តាមគោលដៅ ងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្តឱ្យមាន លទ្ធផលល្អប្រសើរ ជាពិសេសការផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” តាមវេទិកាសាធារណៈ។

លោកស្នងការ បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុក÷ ពង្រឹងរបៀបបបកិច្ចប្រជុំ ។ គោរព អនុវត្តបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ ។ ពង្រឹងរបៀបរបបការងារជំនាញ ត្រួតពិនិត្យ តួនាទី ភារកិច្ច និងបទបញ្ជា ដែលថ្នាក់ដឹកនាំប្រគល់ជូន ។ ត្រូវរៀបចំខ្លួន ក្នុងនាមជាកងកម្លាំង មានគ្រងឯកសណ្ឋានត្រូវ ក្នុងម៉ោងធ្វើការ  សាកសមជាមន្ត្រីនគរបាលជាតិ។ ត្រូវពិនិត្យមើលវត្តមាន និងម៉ោងធ្វើការកម្លាំង អោយបានត្រឹមត្រូវ ក្នុងការឈប់សម្រាក និងតាមកាលកំណត់ ។ ត្រូវចេះថែទាំសុខភាព និងអនាម័យ អោយបានត្រឹមត្រូវ ។ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការងារសង្គម សប្បុរសធម៌ជួយគ្នាទៅវិញ ទៅមកនាគ្រាជួប ទុក្ខលំបាក ។ ចូលរួមជ្រុំជ្រែងកសាងអភិវឌ្ឍន៍អង្គភាព រីកចម្រើនបន្ថែមទៀត។ ថែរក្សាទ្រព្យសម្បត្តិរដ្ឋ ឲ្យបានគង់វង្ស បន្សល់ជាកេរ្តិ៍ដំណែល ដល់មន្ត្រីបន្តវេន ៕ ដោយសំនៀង

To Top