ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុ នៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score)” ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក-លោកស្រី ថ្នាក់ដឹកនាំក្រសួងស្ថាប័ន តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត តំណាងសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម រៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាកំណត់នូវបន្ទាត់មូលដ្ឋាន (Baseline) និងចំណុចដៅ (Target) ចំពោះសូចនាករគន្លឹះ “ពិន្ទុ នៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score ឬ Logistics Performance Index score)” លើតារាងម៉ាទ្រីស វាស់វែងសមិទ្ធកម្ម សម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជំរុញធ្វើឱ្យប្រសើរឡើងពិន្ទុ នៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម រៀបចំដោយធនាគារពិភពលោក ដែលបានមកពីការវាស់ស្ទង់ ប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា។
សមាសភាពចំនួន៦ ប្រើប្រាស់ សម្រាប់ការវាស់ស្ទង់រួមមាន៖ ១. ប្រសិទ្ធភាពនៃប្រព័ន្ធគយ និងការគ្រប់គ្រងព្រំដែន (Custom), ២. គុណភាព នៃហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងដឹកជញ្ជូន (Infrastructure), ៣. ភាពងាយស្រួលនៃការរៀបចំដឹកជញ្ជូនទំនិញដែលមានតម្លៃសមរម្យ (International Shipment), ៤. សមត្ថភាព និងគុណភាព នៃសេវាកម្មដឹកជញ្ជូន (Logistics Competency & Quality), ៥. ភាពដឹកជញ្ជូន ទំនិញទាន់ពេលវេលា (Timeliness), និង ៦. សមត្ថភាព ក្នុងការតាមដានទំនិញនិងប្រេកង់ ដែលការដឹកជញ្ជូន ទៅដល់អ្នកទទួល ក្នុងរយៈពេលកំណត់ ឬរំពឹងទុក នៃការដឹកជញ្ជូន (Tracking & Tracing)៕