ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានថ្លែងថា ការវិភាគមុខងារ គឺជាការត្រួសត្រាយផ្លូវ តាមរយៈធ្វើការងារជាមួយគ្នា សិក្សាជាមួយគ្នា និងពិគ្រោះយោបល់គ្នា ក្នុងការអភិវឌ្ឍរួមគ្នា។
នាឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា «ការវិភាគមុខងារ គឺជាឱកាសឱ្យយើងទាំងអស់គ្នាចូលរួមចំណែកក្នុងការត្រួសត្រាយផ្លូវ តាមរយៈការធ្វើការងារជាមួយគ្នាផង សិក្សាជាមួយគ្នាផង ពិគ្រោះយោបល់គ្នាក្នុងការអភិវឌ្ឍរួមគ្នា ឆ្ពោះទៅការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់ក្មេងជំនាន់ក្រោយ ក្នុងការបម្រើប្រជាជន និងដឹកនាំប្រទេសជាតិ ឱ្យកាន់តែប្រសើរជាងយើងទាំងអស់គ្នា ក្នុងពេលបច្ចុប្បន្ននេះ»។
ក្នុងសិក្ខាសាលានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគោលបំណង នៃការរៀបចំសិក្ខាសាលាថា ដើម្បីពង្រឹងសហប្រតិបត្តិការ ភាពប្រទាក់ក្រឡា និងភាពច្បាស់លាស់ រវាងក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជំរុញការធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប សម្រាប់កូនចៅ និងមន្ត្រីរាជការជំនាន់ក្រោយ ។
ទន្ទឹមនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័នណាមួយនោះទេ ឬប៉ះពាល់ដល់ផលប្រយោជន៍ មន្ត្រីណាមួយដែរ តែការវិភាគមុខងារនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នា សម្រួចសមត្ថភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈការអនុវត្តការងារ ក្នុងស្ថាប័នឱ្យចំគោលដៅ អាទិភាពរបស់រាជរដ្ឋាភិបាល។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងនាមក្រសួងមុខងារសាធារណៈ ជាសេនាធិការនៃរដ្ឋាភិបាល និងជាលេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងបាន ត្រៀមខ្លួនជាស្រេច ក្នុងការបង្កើននូវអភិក្រមនៃការធ្វើការងារជាមួយក្រសួង ស្ថាប័ន ក្នុងការពិគ្រោះយោបល់គ្នា ដើម្បីស្វែងយល់ពី ការវិភាគមុខងារផង និងស្វែងយល់នូវបញ្ហាប្រឈមរបស់ក្រសួង ស្ថាប័នផង ទាំងការវិវត្តលក្ខខណ្ឌបច្ចេកទេស និងនយោបាយ ដើម្បីដំណោះស្រាយស្រប តាមស្ថានភាពជាក់ស្តែង ក្នុងការគិតគូរបន្ស៊ីផែនការរបស់ក្រសួងទាំងពីរជាមួយគ្នា អនុវត្តជាមួយគ្នាឆ្ពោះ សម្រេចបានសមិទ្ធផលជាក់ស្តែង៕