ចូហូ-ម៉ាឡេស៊ី៖ ជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងភាពទាក់ទាញចម្រុះ តំបន់ទេសចរណ៍បែបបុរាណ និងតំបន់អេកូទេសចរណ៍ចម្រុះ ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់វេទិកា ទេសចរណ៍អាស៊ានឆ្នាំ២០២៥ ដើម្បីបង្ហាញពីសក្តានុពលរបស់ខ្លួន ក្នុងនាមជាតួអង្គសំខាន់ ក្នុងវិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ ។
វេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចូលរួម ជាពិសេសការលើកឡើង ពីការផ្តល់សេវាកម្មទេសចរណ៍តែមួយគត់របស់កម្ពុជា។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា ហើយនឹងដំណើរការ រហូតដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ ដោយបង្ហាញពីសកម្មភាពជាច្រើន ក្នុងគោលបំណងលើកកម្ពស់ កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក Tiong King Sing បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាទេសចរណ៍អាស៊ាន សម្រាប់ប្រទេសម៉ាឡេស៊ី ខណៈដែលខ្លួនរៀបចំសម្រាប់ការទាក់ទាញអ្នកទេសចរបន្ថែមរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៦ខាងមុខទៀត។
លោក លើកឡើងថា “វេទិកានេះបម្រើជាឱកាស សម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងទំនាក់ទំនង និងលើកកម្ពស់ហេដ្ឋារចនា សម្ព័ន្ធទេសចរណ៍នៅទូទាំងតំបន់អាស៊ី ។ នៅក្នុងនោះដែរលោកបានបង្ហាញសុទិដ្ឋិនិយមថា ប្រទេសម៉ាឡេស៊ី នឹងក្លាយទៅជាគោលដៅសំខាន់មួយ សម្រាប់អ្នកដំណើរអន្តរជាតិនៅក្នុងឆ្នាំខាងមុខ”។
ដូចគ្នានេះដែរតំណាងក្រសួងទេសចរណ៍ កម្ពុជា បានបង្ហាញពីសក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ ទៅកាន់អ្នកចូលរួម ក៏ដូចជាក្រុមអ្នកសារព័ត៌មានមកពីប្រទេសផ្សេងៗនៅក្នុងវេទិកាទេសចរណ៍អាស៊ាន ហេីយកម្ពុជា នឹងមិនត្រូវបានមើលរំលងនោះឡេីយ សម្រាប់អ្នកទេសចរ ដែលមានបំណងចង់មកទស្សនានៅតំបន់អាស៊ីអាគ្នេយ៍។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ មានគោលបំណងជំរុញ ការសន្ទនាក្នុងចំណោមមេដឹកនាំឧស្សាហកម្មទេសចរណ៍ ក៏ដូចជាក្រុមហ៊ុន និងភ្នាក់ងារទេសចរណ៍ទាំងអស់ ដើម្បីបង្កើតដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិអាស៊ានទាំងអស់។
ការចូលរួមរបស់ប្រទេសកម្ពុជា នាពេលនេះ គឺជាឱកាសដ៏ពិសេសមួយ ដោយសារកម្ពុជា ក៏កំពុងស្វែងរកការទាក់ទាញភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើនតាមរយៈការផ្សព្វផ្សាយតំបន់ប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏រស់រវើករបស់ខ្លួនផងដែរ ។
ស្មារតីសហការវេទិកា ទេសចរណ៍អាស៊ានឆ្នាំ២០២៥ ក៏ជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកទាំងអស់ ក្នុងការធ្វើការរួមគ្នា ធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ ក្លាយជាគោលដៅទេសចរណ៍ ពិភពលោកឈានមុខគេ៕
ដោយៈ ឈូក បូរ៉ា (ធ្វើសេចក្តីរាយការណ៍ ពីប្រទេសម៉ាឡេស៊ី)
រូបថតៈ លី ហ្វីលីព