ព័ត៌មានអន្តរជាតិ

TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើន សម្រុកទៅទាញយក និងប្រើប្រាស់កម្មវិធី APP របស់ចិនឈ្មោះ RedNote

នៅថ្ងៃទី១៣ ខែមករា ចំនួនទាញយកកម្មវិធី APP របស់ចិនឈ្មោះ “កូនសៀវភៅក្រហម” (ឈ្មោះជាភាសាអង់គ្លេស RedNote) បានកើនឡើងយ៉ាងខ្លាំងដល់កំពូលតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple ក្នុងតំបន់អាមេរិក ។

នៅពេលដែលប្រឈមមុខនឹងលទ្ធភាពដែលកម្មវិធី TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ក្នុងសប្តាហ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតអាមេរិកមួយចំនួនមិនបានជ្រើសរើសបណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិកដូចជា Facebook និង Instagram នោះទេ ប៉ុន្តែបែរជាងាកទៅរកបណ្តាញទំនាក់ទំនងសង្គមចិនឈ្មោះ “កូនសៀវភៅក្រហម” វិញ។ លំហូរ “ជនភៀសខ្លួន TikTok” ដ៏ច្រើនសន្ធឹកធំបានធ្វើឱ្យកម្មវិធី APP “កូនសៀវភៅក្រហម” ឈរលើលំដាប់កំពូលនៃតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple ក្នុងតំបន់សហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បានចាប់អារម្មណ៍ពីបាតុភាពដែលអ្នកប្រើប្រាស់ជនជាតិអាមេរិកជាច្រើនជ្រើសរើសការប្រើប្រាស់កម្មវិធី APP “កូនសៀវភៅក្រហម” ផងដែរ។ នៅថ្ងៃទី១៣ ខែមករា កាសែតញូវយ៉កប៉ុស្តិ៍បានអធិប្បាយនិងវិភាគអំពីមូលហេតុដែលកម្មវិធី APP “កូនសៀវភៅក្រហម” មានប្រជាប្រិយភាពនៅក្នុងប្រទេសចិននិងសហរដ្ឋអាមេរិក។

ការផ្សាយដំណឹងឱ្យដឹងថា កម្មវិធីនេះផ្តោតលើការបំផុសគំនិតអំពីជីវភាព ការវាយតម្លៃចំពោះផលិតផល និងជម្រើសសម្រាប់ការទិញទំនិញ ហើយមុខងារនៃការទិញទំនិញតាមបណ្តាញទំនាក់ទំនងសង្គម និងការបង្កើតសហគមន៍អនឡាញបានធ្វើឱ្យវាពេញនិយមទាំងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។

ការផ្សាយដំណឹងបានលើកឡើងទៀតថា ការពេញនិយមរបស់កម្មវិធី APP”កូនសៀវភៅក្រហម” បង្ហាញថា អ្វីដែលអ្នកប្រើប្រាស់យកចិត្តទុកដាក់ជាអាទិភាពគឺខ្លឹមសារ និងសហគមន៍អនឡាញដែលមានកម្លាំងទាក់ទាញ មិនមែនជាកត្តាភូមិសាស្ត្រនយោបាយនោះឡើយ៕

To Top