ខេត្តកំពង់ធំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិ ជនជាតិដើមភាគតិចកួយចំនួន២ភូមិ គឺភូមិអូរក្រូច និងភូមិស្រែ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីពិនិត្យស្ថានភាពការអភិវឌ្ឍជាភូមិគំរូ ។ ការចុះពិនិត្យស្ថានភាពនេះ មានការចូលរួមពីអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងភូមិ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានផងដែរ។



លោករដ្ឋមន្ដ្រី បានសម្ដែងសេចក្ដីសោមនស្សរីករាយ ដោយបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសុខសន្ដិភាព ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅដោយសុខសាន្ដ ប្រកបមុខរបរ និងបង្កបង្កើនផល ធ្វើឱ្យមានជីវភាពល្អប្រសើរ និងមានការអភិវឌ្ឍ ហើយក្រសួង បាននិងកំពុងខិតខំអភិវឌ្ឍនៅតំបន់ជនបទ លើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដខ្វាត់ខ្វែង, ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់, ការផ្ដល់បង្គន់អនាម័យ, ការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ឬបំណិនជីវិត និងការអភិវឌ្ឍភូមិគំរូ ជាពិសេសការអភិវឌ្ឍ និងអភិរក្សសហគមន៍ជនជាតិដើមភាគតិច ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ដ្រី ក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យលទ្ធភាពដាក់ខ្សែផ្លូវ១ខ្សែ ប្រវែង ៥គីឡូម៉ែត្រ ក្នុងភូមិអូរក្រូច ទៅក្នុងផែនការរបស់មន្ទីរ តបតាមការស្នើសុំរបស់សហគមន៍។


បន្ទាប់មក លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញទីតាំងប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផលក្នុងសហគមន៍ចំនួន ២ ទីតាំង គឺអាងស្ដុកទឹកអូរក្រូច មានផ្ទៃក្រឡា ១៨១ហិកតា និងស្រះទឹកអណ្ដាស មានផ្ទៃក្រឡា ១០០០០ម៉ែត្រការេ។



សូមបញ្ជាក់ជូនផងដែរថា ភូមិទាំង២ខាងលើជាភូមិជនជាតិដើមភាគតិចកួយ ដែលមានសក្ដានុពលត្រូវបានក្រសួងជ្រើសរើស ដើម្បីអភិវឌ្ឍ និងវាយតម្លៃឱ្យក្លាយជាភូមិគំរូ ក្នុងឆ្នាំ២០២៥នេះ ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យចំនួន ៥ រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង (៥)អភិបាលកិច្ច ដូចបានចែងក្នុងសេចក្ដីប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្ដិ “ភូមិគំរូ” នៅប្រទេសកម្ពុជា៕


