ភ្នំពេញ: លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB
និងលោក ណូ លីដា អគ្គនាយក នៃសាជីវកម្មធានាឥណទានកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមករានេះបានអញ្ជើញអម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ។
នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានរំលឹកអំពីបញ្ហាស្រូវអង្ករកម្ពុជាមុន និងក្រោយឆ្នាំ 2010 ជាពិសេស នៅពេលដែលសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីបានដាក់ឱ្យប្រេីប្រាស់ នូវឯកសារគោលនយោបាយ ស្ដីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ។ លោកបណ្ឌិតបានជម្រាបជូនថាកាលមុនឆ្នាំ២០១០ កម្ពុជាក៏ធ្លាប់ជាប្រទេសទទួលជំនួយអង្ករពីបរទេសនឹង បានប្រែក្លាយជាប្រទេស នាំចេញអង្ករទៅលក់ក្រៅប្រទេស ជាទ្រង់ទ្រាយតូច ។
លោកបណ្ឌិតបានរំលឹក ក្នុងសន្និសីទនោះថា ក្រោយពីមានការដាក់ចេញឯកសារ គោលនយោបាយជំរុញការនាំចេញអង្ករ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើន និងបាននាំចេញអង្ករកេីនឡេីងជាបន្តបន្ទាប់ ជាពិសេសផលិតកម្មស្រូវតែម្តង បានកើនឡើង តាមទិសដៅនិង គោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានោះ ក្នុងនាមជាធនាគារគោលនយោបាយ របស់រដ្ឋាភិបាល ធនាគារ ARDB ក៏ទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ជាមូលនិធិពិសេស ដើម្បីទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសផ្តោតលើដំណាំស្រូវនិង ការនាំចេញអង្ករតែម្តង ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ធនាគារARDB ក៏ បានចាក់ទុនចូលក្នុងវិស័យស្រូវ អង្ករបានជាង២០៨លានដុល្លារ ហើយក្នុងនោះភាគច្រេីនលេីសលប់ជាទុនបង្វិល ភាគតិចជាទុនវិនិយោគ សម្រាប់ការកសាងឃ្លាំងនិង ឡសម្ងួត ។ ក្រៅពីនោះមានទុនបង្វិលសម្រាប់ទិញស្រូវដើម្បីរក្សា ស្ថិរភាពតម្លៃស្រូវផង និងជំរុញការនាំចេញផង ។ក្រោយពីមានការធ្លាក់ចុះតម្លៃស្រូវ ដោយមិនសមហេតុផលកាលពីឆ្នាំ២០១៦ នោះ រាជរដ្ឋាភិបាលក៏បានទម្លាក់ទុនយ៉ាងច្រើននិងជាបន្តបន្ទាប់ក្នុងវិស័យស្រូវអង្ករតែម្តង ។ ការដាក់ចេញនូវគោលនយោបាយ និងទម្លាក់ទុនជាបន្តបន្ទាប់នោះគឺ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងគិតគូរពីជីវភាពប្រជាកសិករ ក៏ដូចជាលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករ ជាពិសេសក្នុងពេលវិបត្តិកូវីដ១៩ តែម្តង រាជរដ្ឋាភិបាលបានបញ្ចេញទុនជាច្រើន ដើម្បីរក្សាលំនឹងជីវភាពកសិករ ក៏ដូចជា មិនមែនតែផ្នែកស្រូវអង្ករទេ មានទាំងការដាំដុះផ្លែឈើ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ដែលទុនទាំងនោះបានលើកកម្ពស់វិស័យកសិកម្មទាំងមូល។
សរុបជារួមមកអ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកន្លងមកចាប់តាំងពីដំណាក់កាល ក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបន្ត ផ្តោតគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលនយោបាយរក្សាស្ថិរភាពតម្លៃកសិផល ព្រមទាំងរក្សា ស្ថិរភាពតម្លៃស្រូវ និងរក្សាលំនឹងជីវភាពរបស់កសិករក្នុងគ្រាមានវិបត្តិ និងកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរិមា។