ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ «សម្អាតចកចេញពីបឹង» និងបង្កើនការប្រើប្រាស់ App NoDrug។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍បែបនេះ ក្នុងពិធីបិទការផ្សព្វផ្សាយផែនការសកម្មភាពការងារ របស់គណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពី បញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការ នៃអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគ្រប់អង្គភាព និងរាជធានីខេត្ត ក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។
ក្នុងនាមឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អនុប្រធានគណៈកម្មាធិការ បានមានប្រសាសន៍ថ្លែងនូវអំណរគុណសមាជិកនៃអង្គពិធីទាំងមូលដែលបាន ចូលរួមក្នុងកម្មវិធីនិងថ្លែងអំណរគុណដល់វាគ្មិន ដែលបានរួមគ្នាផ្តល់និងទទួលចំណេះដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃគ្រឿងញៀន និងយន្តការនានាសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្ថែមថា ស្ថានភាព កែច្នៃ ផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅលើពិភពលោក និងតំបន់បន្តកើនឡើង ក្រុមឧក្រិដ្ឋជនកាន់តែសកម្មភាព ហើយការប្រើប្រាស់បន្តរាលដាលដល់ជនបទនាំឱ្យប៉ះពាល់ដល់សុខុមាលភាព សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សហគមន៍។ ឆ្លើយតបនឹងស្ថានភាពនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានបញ្ញាញាណនិងឆន្ទៈមុតស្រួចបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាព ព្រមទាំងបានដាក់ចេញនូវគោលការណ៍ស្តីពីការ សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសំណូមពរ៤ចំណុច ដល់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ក្របខណ្ឌក្រសួងមហាផ្ទៃ រួមមាន៖
១.ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវបទបញ្ជាលេខ០១បប «សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង»។
២.ត្រូវបន្តចាត់ចែងនិងលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផលបង្កើតបាននូវសុចនាករល្អទាំងបរិមាណវិស័យ និងគុណវិស័យនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
៣.ត្រូវរៀបចំផែនការសកម្មភាពជាក់ស្តែងតាមអង្គភាពរបស់ខ្លួនដើម្បីអនុវត្តនិងកៀរគរការចូលរួមពីគ្រប់សមាសភាពលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
៤.រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ/សង្កាត់ និងភូមិ ត្រូវមានយន្តការជាអចិន្រ្តៃយ៍សម្រាប់គាំទ្រ ឆ្លើយតបនិងដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀនដែលតែងតែកើតមាននៅក្នុងមូលដ្ឋាន និងនៅក្នុងក្រុមគ្រួសារប្រជាពលរដ្ឋ និងបំផុសការទាញយកនិងប្រើប្រាស់ App NoDrug៕