ព័ត៌មានជាតិ

កម្ពុជា-អឺរ៉ង់ ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អនុញ្ញាតជូន លោក Ali Akbar Nazari ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអ៊ីរ៉ង់ ប្រចាំកម្ពុជានិងវៀតណាម និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាង កម្ពុជា-អ៊ីរ៉ង់ និងជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មអ៊ីរ៉ង់ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានលើកឡើង ពីការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) ជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជន ក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍ នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ច ឱ្យបានកាន់តែច្រើនឡើង ជាពិសេសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ រវាងកម្ពុជា-អ៊ីរ៉ង់ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាជន និងភ្ញៀវទេសចរអ៊ីរ៉ង់ ដែលត្រូវការទៅមកប្រទេសទាំងពីរ៕

To Top