ព័ត៌មានជាតិ

អ្នកបោសម្អាតមីនពីររូប បានស្លាប់ក្នុងប្រតិបត្តិការបោសសម្អាតមីន នៅស្រុកត្រពាំងប្រាសាទ

ភ្នំពេញ៖ អ្នកបោសម្អាតមីនពីររូប គឺលោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន បានមីនពលី ក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

តាមរយៈសារលិខិតរំលែកមរណទុក របស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ផ្ញើជូនក្រុមគ្រួសារនៃសពលោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន អ្នកបោសសម្អាតមីនពលីក្នុងប្រតិបត្តិការ បោសសម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

តាមរយៈសារលិខិតរំលែកមរណទុក ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និង លោកស្រីបណ្ឌិត និងក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន លោក ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមាដោយបានទទួល ដំណឹងអំពីពលីកម្មរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមិនអំឡុងពេលកំពុង ប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

To Top