ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុន ផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាននានាទាំងអស់ ហាមដាច់ខាតជ្រើសរើសជនបរទេស ឲ្យបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន។
ក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា គ្រប់ក្រុមហ៊ុនផ្ដល់សេវា និងសហគ្រាស គ្រឹះស្ថាន នៅពេលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ត្រូវអនុវត្តតាមប្រកាសលេខ១០២០ ប្រ.កចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងស្របតាមលក្ខខណ្ឌច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរាយការណ៍ឲ្យបានជាប់ជាប្រចាំ នូវចំនួនភ្នាក់ងារសន្តិសុខឯកជន ដែលបានជ្រើសរើសមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីបញ្ចូលសាវតាភ្នាក់ងារសន្តិសុខឯកជន ទៅក្នុងប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាឌីជីថល។
ដោយឡែក ចំពោះទីតាំងស្នាក់នៅបណ្តោះអាសន្ន ឬទីតាំងរស់នៅប្រមូលផ្តុំរបស់ភ្នាក់ងារសន្តិសុខឯកជន ត្រូវរាយការណ៍ជូនសមត្ថកិច្ចនៅមូលដ្ឋាន និងត្រូវបំពេញបែបបទរដ្ឋបាល ឲ្យបានត្រឹមត្រូវ ដូចជាការចុះបញ្ជីស្នាក់នៅជាដើម។ បន្ថែមពីនេះ ត្រូវចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ឲ្យមកទទួលការបណ្តុះបណ្តាលបំប៉នជំនាញអំពីតួនាទី ភារកិច្ច និងមេរៀនមូលដ្ឋានគ្រឹះផ្សេងៗ ឲ្យបានត្រឹមត្រូវមុនដាក់ពង្រាយឲ្យឈរជើងតាមគោលដៅនីមួយៗ ហើយត្រូវម្ចាស់ការលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈ វិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ និងអាកប្បកិរិយារបស់ភ្នាក់ងារសន្តិសុខឯកជន ឲ្យបានជាប់ជាប្រចាំ បូករួមទាំងកាយសម្បទាផងដែរ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការក្រើនរំលឹកឲ្យចៀសវាងដាច់ខាតការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញាស័ក្កដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ និងមិនត្រូវបំពាក់ឧបរណ៍ សម្ភារៈបច្ចេកទេស ដែលផ្ទុយពីការណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឡើយ និងគួរផ្តល់អាទិភាពដល់មន្ត្រីរាជការ និងកងកម្លាំងដែលបានចូលនិវត្តន៍ ប៉ុន្តែនៅមានសុខភាពល្អរឹងមាំ ឲ្យចូលបម្រើការងារជាភ្នាក់ងារ សន្តិសុខឯកជន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យបន្តចូលរួមអនុវត្តគោលនយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាពិសេសចូលរួមជាមួយកម្លាំងនគរបាលជាតិ ការពារព្រឹត្តការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្ធធ្វើឡើងនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណ ចំពោះកិច្ចការផ្តល់នូវភ្នាក់សន្តិសុខឯកជន ឲ្យចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍សំខាន់ៗ នាពេលកន្លងមក។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម កាន់តែខិតជិតចូលមកដល់នៅចុងខែមករាខាងមុខនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏ឆ្លៀតធ្វើការណែនាំដល់កម្លាំងនគរបាល ត្រូវបង្កើនសកម្មភាពល្បាត ត្រួតពិនិត្យ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ ពេលវេលា ចំពោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់ដោយខុសច្បាប់នូវអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ សំដៅធានាដល់បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
នាយឧត្តមសេនីយ៍ ស ថេត ក៏ណែនាំឲ្យយកចិត្តទុកដាក់រៀបចំ សណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ បង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទៅស្រុកកំណើត ឬទៅកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ដោយក្តីសប្បាយរីករាយ និងត្រូវបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផង និងរួមចំណែកដល់ការបង្ការ ទប់ស្កាត់សកម្មភាពល្មើសនានា ពិសេសក្មេងទំនើង៕