ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្តេជ្ញាសម្រេចឱ្យបាននូវមហិច្ឆិតាចុះបញ្ជីកំណើតបាន ១០០% និងចុះបញ្ជីមរណភាព ៨០% ត្រឹមឆ្នាំ២០៣០

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ប្តេជ្ញាក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងសម្រេចឱ្យបាននូវមហិច្ឆិតានៃការចុះបញ្ជីកំណើតឱ្យបាន ១០០% និងការចុះបញ្ជីមរណភាព ៨០% ត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។

នេះបើយោងតាមសេចក្តីជូនព័ត៌មាន ស្តីពីកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ ប្រារព្ធឡើងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២៥។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ សហការរៀបចំកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើក ទី២ ជាមួយគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) បានប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ បានទទួលការអញ្ជើញ ជាអធិបតីដោយ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងលោក Jo Scheuer, UN Resident Coordinator ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងប្រតិភូមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេស Papua New Guinea តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន សរុបអ្នកចូលរួមចំនួន ៨០រូប មកពី១១ប្រទេស និងស្ថាប័នអន្តរជាតិចំនួន១៥។
ប្រទេសកម្ពុជា ត្រូវបានស្នើសុំ និងគាំទ្រធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនេះ ដោយUN-ESCAP ពិនិត្យ ឃើញអំពីដំណើរវិវឌ្ឍន៍ដ៏ល្អក្នុងការអនុវត្តការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន នៅកម្ពុជា។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ប្តេជ្ញាក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងសម្រេចឱ្យបាននូវមហិច្ឆិតានៃការចុះបញ្ជីកំណើតឱ្យបាន ១០០% និងការចុះ បញ្ជីមរណភាព ៨០% ត្រឹមឆ្នាំ២០៣០ ស្របតាមគោលការណ៍ជាសកលនៃ “ទសវត្សអត្រានុកូលដ្ឋាន (CRVS Decade)”៕

To Top