ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅម៉ាឡេស៊ី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នៅកោះឡាងកាវី ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

យោងតាមសេក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី១៦ មករា នេះ ថា ក្រោមមូលបទ « បរិយាប័ន្ន និងចីរភាព» កិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការពិនិត្យឡើងវិញនូវការសម្រេចនានារបស់ប្រមុខដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែតុលា ឆ្នាំ២០២៤ នៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងអាទិភាពនៃភាពជាប្រធានអាស៊ានរបស់ ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ លោកឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួប ទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី កាន់តែស៊ីជម្រៅថែមទៀត ៕

To Top