ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកមរណទុក្ខចំពោះគ្រួសារសពអ្នកបោសសម្អាតពីររូប បានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីន អំឡុងពេលប្រតិបត្តិការ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខចំពោះគ្រួសារសពអ្នកបោសសម្អាតពីរូប បានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុង ពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

តាមរយៈសារលិខិតផ្ញើជូនគ្រួសារសព នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួល សោកសង្រេង និងសោកស្តាយឥតឧបមា ដែលឧបទ្ទវហេតុនេះ បណ្តាលឱ្យ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងជាអ្នកឯកទេសបោះសម្អាតមីន បានធ្វើពលិកម្ម។

ក្នុងវេលាទុក្ខដ៏ក្រៀមក្រំនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោក និង លោកស្រី ជាក្រុមគ្រួសារនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សហការី និងឯកទេសបោះសម្អាតមីន ទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយ អនិច្ចលក្ខណធម៌ យ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់កូនប្រុសដ៏មាន គុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ ចំពោះជីដូន ជីតា លោកឪពុក អ្នកម្តាយ មីងមា បងប្អូនជាទីស្រឡាញ់ ទាំងអស់ ហើយក៏ជាការបាត់បង់នូវវីរជនស្នេហាជាតិដ៏បរិសុទ្ធ ដោយបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសលោកបានរួមចំណែក យ៉ាងសកម្ម ក្នុងការបោសសម្អាតមីន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីធានាបានថាប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុវត្ថិភាព បន្ទាប់ ពីសម័យសង្គ្រាម៕

To Top