ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សន្ទុះ នៃការប្រើប្រាស់ រថយន្តអគ្គិសនី កើនឡើងជាង៦០០% នៅឆ្នាំ២០២៤ ហើយសន្ទុះ នឹងមាននិន្នាការកើនឡើង នាឆ្នាំបន្តបន្ទាប់ផងដែរ ។
លោក ផន រឹមបានរៀបរាប់ នៅលើបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ១៧ មករាថា ឆ្នាំ២០២៤ មានរថយន្តអគ្គិសនី (EV) ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០% (ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ ។
លោកថា ប្រជាពលរដ្ឋមានសុទិដ្ឋិនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការ ប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈ ចំហេះក្នុងដែលជានិន្នាការចាស់។
លោកបន្តថា ចំពោះការប្រើប្រាស់ យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច , ផាសុខភាព និងមានកម្រិតបំពុលក្នុង បរិយាកាសទាបបំផុត ។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាង ពីកម្រិតនៃការបំភាយឧស្ម័នពុល កម្រិតសូន្យថែមទៀត ។ ទន្ទឹងនឹងនិន្នាការកើនឡើង រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងក្រសួងស្ថាប័ន ពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើង ចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗ ទៀតកាន់តែប្រសើរ ៕