ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និង សាធារណជនក្នុងរាជធានីភ្នំពេញ ហាមដាច់ខាត ដុតផាវ កាំជ្រួច ឬបង្កសម្លេង ផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យមានការលេងល្បែង ស៊ីសងគ្រប់ប្រភេទ និងមិនឱ្យមានការ ហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត ។
យោងតាមសេចក្តីណែនាំ ស្តីពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីចិន និង វៀតណាម ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និងសាធារណជន ក្នុងរាជធានីភ្នំពេញដូចតទៅ ៖
១- ហាមដាច់ខាត
-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ
-មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ
-មិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត។
២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិន ឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវ សាធារណៈឡើយ ។
៣- ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ បំផុត កុំឱ្យមានការនាំ ចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និង ត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុង រាជធានីភ្នំពេញ។
៤- រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំ នេះឱ្យមានប្រសិទ្ធភាព ។
៥- មន្ទីរធម្មការ និង សាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយ នូវខ្លឹមសារខាងលើ ឱ្យបានទូលំទូលាយ ។
៦- ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធ ភូមិភាគពិសេស ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ។ ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន
៧- ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរព តាមការណែនាំខាងលើ បង្កឱ្យមានចលាចល ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវ ទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕