ព័ត៌មានជាតិ

តារាល្បីៗ ក្នុងក្រុម K-POP និង Super Junior របស់កូរ៉េ នឹងចូលរួមសម្ដែងក្នុង “ការប្រគំតន្រ្តីសប្បុរសធម៌ ចែករំលែកសង្រ្គោះជីវិតសកល” នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមតារាល្បីៗក្នុងក្រុម K-POP និង Super Junior របស់កូរ៉េ នឹងចូលរួមសម្ដែងក្នុង “ការប្រគំតន្រ្តីសប្បុរសធម៌ ចែករំលែកសង្រ្គោះជីវិតសកល” នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅចន្លោះពីខែឧសភា-ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក ម៉ម ប៉ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និង ប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែក សង្គ្រោះជីវិតសកល បានជម្រាបជូន អំពីគោលបំណង ឱ្យក្រសួងទេចរណ៍ ជួយសម្របសម្រួល និងពិនិត្យលទ្ធភាព ក្នុងការសហការរៀបចំ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល” ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅចន្លោះពីខែឧសភា-ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយនឹងបន្តផ្សព្វផ្សាយទៅដល់ ៥ប្រទេសរួមមាន ប្រទេសកម្ពុជា, កូរ៉េ, ជប៉ុន, ហ្វីលីពីន និងតៃវ៉ាន់ ដែលមានការចូលរួមសម្តែងពីសិល្បៈករ សិល្បៈការនីរបស់ K-POP ដ៏ល្បីល្បាញរបស់សាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមតារាចម្រៀងបុរសដ៏ល្បីនៃសាធារណរដ្ឋកូរ៉េ រួមមាន ក្រុម Super Junior និងសិល្បៈករ សិល្បៈការិនីខ្មែរជាច្រើនរូបទៀត ក្នុងគោលដៅប្រមូលមូលនិធិសប្បុរសធម៌ ជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្រឹះស្ថានអប់រំនានា នៅក្នុងប្រទេសកម្ពុជា ៕

To Top