ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ជាកំហុសឆ្គងធំធេង របស់ក្រុមប្រឆាំង ដែលចោទរាជរដ្ឋាភិបាល នៅក្រោយឃាតកម្ម លោក លិម គិមយ៉ា

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា គឺជាកំហុសយ៉ាងធ្ងន់ធ្ងរបំផុត របស់ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសដែលចោទទាំងទទឹងទិស មកលើរាជរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្មលើលោក លិម គិមយ៉ាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ។

យោងតាមការចុះផ្សាយ របស់កាសែត Daily news របស់ថៃកាលពីថ្ងៃ១៦ មករា ដែលដកស្រង់ សំដីពីមេប៉ូលិសថៃថា ករណីបាញ់សម្លាប់អតីត តំណាងរាស្ត្រនៃអតីតប្រឆាំងកម្ពុជា លោក លិម គិមយ៉ា ជារឿងជម្លោះផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ ដោយមេប៉ូលិសបញ្ជាក់ថា ប៉ូលិសធ្វើការមិនព្យាយាមផ្គាប់ចិត្ត អ្នកណាម្នាក់ឡើយ ។

លោក ប៉ែន បូណា មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ១៧ មករា ថា ករណីឃាតកម្មលោក លិម គិមយ៉ាគួរតែទុកឲ្យ សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ រកការពិតជាមុនសិន ប៉ុន្តែក្រុមប្រឆាំងកុំចេះតែផ្សព្វផ្សាយ និងវិភាគដោយខ្លួនឯងទាញអ្នកនេះ អ្នកនោះមកពាក់ព័ន្ធជាមួយ ដោយគ្មានភស្តុតាង និងមូលដ្ឋានក្នុងចេតនាទុច្ចរឹតយ៉ាងអាក្រក់បំផុត ។ លោកថា ប៉ុន្តែជាក់ស្តែងលទ្ធផលបង្ហាញ មកគឺមិនដូចអ្វីដែលពួកគេចោទ ប្រកាន់ នោះទេ ព្រោះករណីឃាតកម្មនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរ ក្នុងកិច្ចសហការយ៉ាងល្អជាមួយភាគីថៃ ក្នុងការចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើង ដើម្បីបញ្ជូនទៅឲ្យអាជ្ញាធរថៃចាត់នីតិវិធីតាមផ្លូវច្បាប់ ។

លោកថា ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាពិតជាចង់ឲ្យរឿងនេះបានលាតត្រដាងនិងរកយុត្តិធម៌ការពិតថាអ្នកណាជាអ្នកនៅពីក្រោយខ្នង ។

លោកបន្តថា លទ្ធផលស្រាវជ្រាវចុងក្រោយបង្ហាញថា ករណីឃាតកម្មលើលោក លិម គិមយ៉ា ជារឿងបុគ្គលមិនជាប់ពាក់ព័ន្ធនយោបាយ គឺជាពន្លឺសម្រាប់ឲ្យក្រុមជ្រុលនិយម ក៏ដូចជាអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយប្រឆាំងបានភ្លឺភ្នែកត្រចៀក កុំចេះតែចោទគេឯងខុសវិជ្ជាជីវៈ ។

លោកប៉ែន បូណាគូសបញ្ជាក់ថា “ចឹងវាជាពន្លឺមួយ ដែលបញ្ជាក់ច្បាស់រាល់ការចោទប្រកាន់មួលបង្កាច់ទាំងឡាយ របស់ក្រុមប្រឆាំងជ្រុលនិយម ក៏ដូចជាអ្នកវិភាគ ដែលមានចេតនាទុច្ចរឹតមួយចំនួន រួមទាំងប្រព័ន្ធឃោសនា ដែលគ្មានវិជ្ជាជីវៈមួយចំនួនផង បានធ្វើកន្លងមកគឺ ជាកំហុសឆ្គងមួយដ៏ធំធេងណាស់ នៅក្នុងការលាប ពណ៌ គេប៉ាត់ណាប៉ាត់ណី និយាយតាមទំនើងចិត្ត ដែលគ្មានការទទួលខុសត្រូវ ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈ ហើយអំពើទាំងអស់នេះគឺពិតជាខ្មាស់អៀនណាស់ ជាពិសេសបានបំពានច្បាប់បំពានកិត្តិយសសេចក្តីថ្លៃថ្នូរបស់អ្នកដទៃ និងបំពានក្រមសីលធម៌វិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ” ។

ចំពោះបុគ្គលឈ្មោះ លី រតនរស្មី ដែលពួកគេចោទថា ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយជាអ្នកជួលឃាតក ជនជាតិថៃ បាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានលោក ប៉ែន បូណា បញ្ជាក់ថា លី រតនរស្មី​ ត្រូវបានដកតំណែងពីទីប្រឹក្សាសម្តេចតេជោ តាំងពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ មកម្លេះ ក្រោយតែងតាំង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពោលទើបតែកាន់តំណែងជាង២ខែប៉ុណ្ណោះ ដូច្នេះរឿងឃាតកម្ម មិនពាក់ព័ន្ធទៅនឹងទីប្រឹក្សា របស់សម្តេចតេជោទេ ។

សូមបញ្ជាក់ថា បើតាមសេចក្តីសម្រេចបញ្ចប់ភារកិច្ចមន្រ្តីគណបក្សចុះហត្ថលេខា ដោយសម្តេចតេជោ កាលពីថ្ងៃ១៣ មីនា ឆ្នាំ២០២៤ មូលហេតុ នៃការបញ្ចប់មុខតំណែងនេះ ដោយសារបុគ្គល លី រតនរស្មីនេះ បានប្រព្រឹត្តកំហុសឆ្គងផ្ទុយនឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស ៕

To Top