ព័ត៌មានជាតិ

លោក អ៊ុន ចាន់ដា ៖ សមិទ្ធផល និងភាពជោគជ័យ របស់ខេត្តកំពង់ចាម មិនអាចខ្វះការចូលរួម របស់យុវជន ស.ស.យ.ក ខេត្តនោះទេ

កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ លោក អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សមិទ្ធផល ការរីកចម្រើន លើកគ្រប់វិស័យក្នុងខេត្តកំពង់ចាម គឺមិនអាចខ្វះបានពីការចូលរួមចំណែក របស់យុវជន ស.ស.យ ក ខេត្តនៅះទេ ។

លោក អ៊ុន ចាន់ដា បានលើកឡើងទៀតថា កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ  លោកបានឃើញនូវភាពរស់រវើក ក្នុងការអនុវត្តសកម្មភាព ផ្តល់សេវាសាធារណៈ កិច្ចការអភិវឌ្ឍមូលដ្ឋាន និងការគាំពារសង្គមរបស់មន្ត្រីរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក សប្បុសរជន សហគមន៍ និងអង្គការដៃគូនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និង ឆន្ទៈមោះមុតដែលបង្កើតបានជាវឌ្ឍនភាព និងលទ្ធផលវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់គុណតម្លៃសង្គម និងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈនៅទូទាំងខេត្តកំពង់ចាម។

ការចូលរួមចំណែករបស់យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងខេត្ត នៅក្នុងកិច្ចការសង្គម ដូចជាការចូលរួមក្នុងកិច្ចការ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបគ្រោះមហន្តរាយ ជនមានពិការភាព កុមារកំព្រា សែងរំកិលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការ បាក់ច្រាំងទន្លេជាដើម។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា យុវជនយើងបានបង្រៀនបំប៉នសិស្សថ្នាក់ទី ១២ ខណៈយុវជនយើងខ្លះទៀតបានផ្តល់គំនិតយោបល់តម្រង់ទិស ស្តីពីការកំណត់គោលដៅនៃការសិក្សា និងឧបត្ថម្ភសម្ភារៈសិក្សានានាដល់សិស្សានុសិស្សនៅតាមសាលារៀន និងសកម្មភាពនៃការលើកកម្ពស់សុខភាព និងការយល់ដឹងអំពីគុណតម្លៃនៃបរិស្ថាន ប្រពៃណីវប្បធម៌សង្គមក្នុងរដូវសង្គ្រានឆ្នាំថ្មី ការលើកកម្ពស់សុខដុមនីយកម្មសាសនា និងសិល្បៈវប្បធម៌ជាតិ តាមរយៈសកម្មភាព នៃការបណ្ដុះបណ្ដាលសិល្បៈរបាំប្រពៃណីខ្មែរទាំងនៅអគារពហុបំណងស.ស.យ.ក ខេត្ត និងនៅឯមូលដ្ឋាន ដែលសកម្មភាពទាំងនេះ មានគោលបំណងចម្បងតែមួយគត់ គឺចូលរួមចំណែកដល់ការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងការអភិវឌ្ឍសង្គម។

លោក អ៊ុន ចាន់ដា បានលើកឡើងផងដែរថា បើទោះជាយើងបានធ្វើច្រើន និងបានបង្កើត សមិទ្ធផល ច្រើនយ៉ាងណាក៏ដោយ ក៏ការងាររបស់យើងមិនចប់ត្រឹមនេះទេ ។ នៅមានកិច្ចការជាច្រើនថែមទៀត ដែលយុវជនត្រូវចូលរួមអនុវត្តដើម្បីបុព្វហេតុសង្គមជាតិ ពោលគឺការរក្សា នូវសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់គុណតម្លៃ វប្បធម៌សង្គម ដែលធ្វើឲ្យកម្ពុជាយើងឈាន ទៅសម្រេចនូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

To Top