ភ្នំពេញ៖ មានករណីលិចទូកទឹកទំនិញមួយគ្រឿង ក្នុងនោះអ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង ចេញទៅជួយសង្គ្រោះ ក្នុងនោះមនុស្ស ៦នាក់ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ជួយសង្គ្រោះបានដោយសុវត្ថិភាព។
សូមបញ្ជាក់ថា ទូកដឹកទំនិញមួយគ្រឿងនេះ បានលិចនៅចំណុចប្រហែល៧០០ម៉ែត្រ ជិតកោះថាស ចន្លោះកោះរ៉ុង និងក្រុងព្រះសីហនុ វេលាមុនថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទូកឈ្មោះ ឌី ចាន់ថា ភេទប្រុស អាយុ៤០ឆ្នាំ បានប្រាប់សមត្ថកិច្ចថា គាត់ និងមនុស្ស០៥នាក់ទៀត បានចេញទូកកន្ទុយវែងដឹកសម្ភារៈមួយគ្រឿង ចេញពីភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លុះមកដល់ចំណុចកើតហេតុ ទូកបានជ្រាបទឹកតាមបាត និងម៉ូទ័របូមទឹកស្ទះ បូមទឹកមិនទាន់ ហើយមានធ្លាក់ខ្យល់ រលកធំៗ ទើបបណ្តាលអោយលិចទូកតែម្តង ។
ជនរងគ្រោះទាំង ០៦នាក់មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ឌី ចាន់ថា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ម្ចាស់ទូក) ។
២-ឈ្មោះ គា ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (កូនដៃទូក) ។
៣-ឈ្មោះហាន វិទូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ រស់ ឆៃលី ភេទប្រុស អាយុ២០ឆ្នាំ បុគ្គលិកកោះសង្សា មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ស៊ន សុភីន ភេទប្រុស អាយុ២០ឆ្នាំ បុគ្គលិកកោះសង្សា ទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
៦-ឈ្មោះ ឯ មី ភេទប្រុស អាយុ២៥ឆ្នាំ បុគ្គលិកកោះសង្សា មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ជាមួយគ្នានេះសម្ភារៈបាត់បង់រួមមាន៖ ១-ទូកមួយគ្រឿង ពណ៌ត្រួយចេក បណ្តោយប្រវែង ២០ម៉ែត្រ, ទទឹងប្រវែង ៤.២០ម៉ែត្រ ។ ២-ធុងសំរាម ចំនួន ៣៦ធុង ។ ៣-ធុងហ្គាសធំ ចំនួន ៦ធុង ។ ៤-រទេះដឹកសម្ភារៈចំនួន ១គ្រឿង ។
ក្រោយកើតហេតុ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនចំនួន ២គ្រឿង ដើម្បីជួយសង្គ្រោះ និងដឹកជនរងគ្រោះទាំង០៦នាក់ខាងលើនោះមកដល់ដីគោក ក្នុងផែទេសចរណ៍ ខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕














