ភ្នំពេញ ៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដោយជំរុញពាណិជ្ជករ ក៏ដូចជាវិស័យឯងជនជាដើម ត្រូវខិតខំយកផលិតផល និងសេវាកម្មតាំងពិព័រណ៍ក្នុងស្រុកធដ្វើការដាក់បង្ហាញ ប្រសើរជាងការយកទៅតាំងនៅក្រៅប្រទេស ដោយសារត្រូវចំណាយច្រើន ។
ថ្លែងនៅក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sales 2025 ដែលមានផលិតផលជាង២៥០ស្តង់ បាននិងកំពុងដាក់តាំង និងលក់នៅសាលពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិតលើកឡើងថា “តាមរយៈព្រឹត្តិការណ៍ ពិព័រណ៍ ជួយជំរុញចលនាឱ្យពាណិជ្ជករខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និង សោភណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដា ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែង ក្នុងកម្រិត ទីផ្សារអន្តរជាតិ”។
លោក Tim Vutha ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events បានលើកឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sales 2025 នៅពេលនេះ គឺជាផ្នែកមួយ នៃការជួយធ្វើទីផ្សារឱ្យទូលំទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនឡើងវិញ បន្ទាប់ពីទទួលរងនូវផល ប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩។
លោកបន្ថែមថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sales 2025 នៅថ្ងៃទី ១៧-១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខដ៏ខ្លីនេះ នឹងជួយលក់នូវផលិតផលរបស់ម្ចាស់អាជីវកម្ម ដែលនៅសល់ច្រើន អាចលក់លាងឃ្លាំងរបស់ខ្លួន ។
លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់ (AJF) ក៏បានទទួលស្គាល់ដែរថា ការរៀបចំមហាព្រឹត្តិការណ៍ ពិពណ៌ពាណិជ្ជកម្ម គឺឆ្លើយតបទៅ នឹងបញ្ហាសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ជាពិសេសជាព្រឹត្តិការណ៍ ប្រមូលផ្តុំនូវម្ចាស់អាជីវកម្ម និងមុខទំនិញព្រមទាំង ផលិតផលជាច្រើនប្រភេទលក់ជូនអ្នកចូលរួម ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ មិនត្រឹមតែ តាមរយៈពិព័រណ៍ពាណិជ្ជកម្ម សកម្មភាពទិញលក់ ការជំរុញការនាំចេញផលិតផល ការផ្តល់សេវាកម្ម ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួម ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ជូនអ្នកចូលរួមទស្សនាពិព័រណ៍ផងដែរ។ ការណ៍នេះ ក៏បានទាក់ ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។
លោកបន្តថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានជំរុញចលនាឱ្យពាណិជ្ជករ និងផលិតករកម្ពុជា ខិតខំ ផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាពវេចខ្ចប់បានល្អត្រឹមត្រូវតាម ស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួម ប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។
លោកសង្កត់ធ្ងន់ទៀតថា បន្ថែមលើនេះ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានចូលរួមបង្កើតឱកាសធុរកិច្ច និងវិនិយោគ ដល់អាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ តាមរយៈ ព្រឹត្តការណ៍អមរួមមាន វេទិកាធុរកិច្ចពាណិជ្ជកម្មនិងវិនិយោគ ការផ្គូផ្គង់ធុរកិច្ច (អ្នកលក់និង អ្នកទិញ) សកម្មភាព តភ្ជាប់បណ្តាញធុរកិច្ច ទស្សនកិច្ចសិក្សា បេសកកម្មពាណិជ្ជកម្ម ជាដើម។
បើតាម លោក ប៉ែន សុវិជាតិ ព្រឹត្តិការណ៍ពិព័រណ៍នេះ ផ្តល់ឱកាសដល់ អាជីវករ/អ្នកចូលរួមតាំងបង្ហាញ បានដាក់តាំងលក់ និងបង្ហាញអំពីផលិតផល ឬសេវាកម្មរបស់ខ្លួន ទៅកាន់អ្នកចូលរួមជាច្រើន ក្នុងព្រឹត្តិការណ៍ពិព័រណ៍។ លើសពីការទិញ លក់ទំនិញ និងផ្ដល់និងទទួលសេវាកម្ម គឺបានផ្ដល់ឱកាសក្នុងការជជែកពិភាក្សាពាក់ព័ន្ធនឹង ធុរកិច្ច ដែលនឹងឈានទៅរកការព្រមព្រៀងពាណិជ្ជកម្ម ជាមួយដៃគូ ដែលបានចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នោះ ៕