ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិតដើម្បីជំរុញ ការចាប់ផ្តើមសាងសង់ដែលក្នុងអំឡុងពេល នៃការសិក្សានេះនឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បីយកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន នាថ្ងៃ១៧ មករា ។
ចំពោះសកម្មភាពនេះក៏អាចបង្កឱ្យ មានការរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ ។ ដូច្នេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ ឆ្លងកាត់តំបន់ ការដ្ឋានសាងសង់ ក្រសួងសាធារណការ អំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ បង្កើនការយកចិត្តទុកដាក់ក្នុងការ បើកបរដោយមានការប្រុងប្រយ័ត្ន ខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ។
ជាមួយគ្នានេះ ក្រសួងក៏បានស្នើបន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ យ៉ាងតិច ៥០ម៉ែត្រ ដើម្បីចៀសវាងហានិភ័យនៃការប៉ះ ទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតតំបន់សិក្សា។ ផ្តល់អាទិភាពដល់ក្រុមការងារសិក្សាគម្រោង និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីក្រុមការងារ ចរាចរណ៍ផ្លូវទឹក។
មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ១០០ម៉ែត្រ ពីតំបន់សិក្សា និងនាវាធ្វើដំណើរឆ្លងកាត់តំបន់សិក្សា ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាការតភ្ជាប់ពីទីតាំងផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រ គ្រោងបើកដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៥ ៕