ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ ដោយវាយតម្លៃ ជាវិជ្ជមានចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ ។
នេះបើតាមលទ្ធផលជំនួប នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកប្រធានស្ថានតំណាង ត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជា។
ភ្ជាប់នឹងអាណត្តិការងារ៣ឆ្នាំនៅកម្ពុជា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណ ដល់លោកប្រធានស្ថាន តំណាងក្រសួងនគរបាលវៀតណាម ដែលជានិច្ចកាលតែងតែសម្របសម្រួល ដល់ការធ្វើការងាររវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសលើការងារបណ្តុះបណ្តាលមន្ត្រីនៃប្រទេសទាំងពីរ ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និង បង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើស ដែលកើតឡើងនៅ តាមបណ្តោយព្រំដែននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ។
ចំណែក លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បាន ជម្រាប លោកឧបនាយករដ្ឋមន្ត្រី ស សុខា នូវសេចក្ដីថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាល វៀតណាមប្រចាំកម្ពុជា រួមទាំងក្នុងអាណត្តិដែលលោកជាប្រធាន។ លោក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងមហាផ្ទៃកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ កម្មវិធីធំៗដូចជា ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាដើម ៕