ព័ត៌មានជាតិ

លោក ឃ្លាំង ហ៊ួត អះអាងថា មិនដែលស្គាល់ឬមិនដែលមានអ្វីពាក់ព័ន្ធ សូម្បីតែបន្តិច ជាមួយបុគ្គល លី រតនរស្មី

ភ្នំពេញ៖ លោក ឃ្លាំង ហ៊ួត អភិបាលរង រាជធានីភ្នំពេញ បានចេញមុខបដិសេធ ចំពោះការចោទប្រកាន់បែបទុច្ចរិតថា រូបលោកមានការ ជាប់ពាក់ព័ន្ធជាមួយបុគ្គល លី រតនរស្មី ដែលត្រូវតុលការថៃ ចេញដីការចាប់ខ្លួន ទាក់ទិនទៅនឹងករណីឃាតកម្ម លើអតីតតំណាងរាស្រ្តបក្សប្រឆាំង លោក លិម គីមយ៉ា។

លោកអះអាងថា «មិនដែលស្គាល់ ឬមិនដែលមានអ្វីពាក់ព័ន្ធ សូម្បីតែបន្តិចជាមួយឈ្មោះ លី រតនរស្មី ឡើយ»

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោក ឃ្លាំង ហ៊ួត បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២៖៣៥នាទីថ្ងៃត្រង់ វិទ្យុVOD បានខលមកសម្ភាសន៍ខ្ញុំ តាមរយៈលេខទូរស័ព្ទ +1253-527-0045 ដោយVODបានសួរមកខ្ញុំថា៖

សំនួរទី១៖ មានគេផ្សាយឈ្មោះនិងរូបភាពរបស់លោក សង្ស័យថាពាក់ព័ន្ធជាមួយឈ្មោះ លី រតនរស្មី។ ចំពោះករណីនេះ ខ្ញុំក៏បានបញ្ជាក់ជូនថា៖ ខ្ញុំមិនដែលស្គាល់ ឬមិនដែលមានអ្វីពាក់ព័ន្ធសូម្បីតែបន្តិចជាមួយឈ្មោះ លី រតនរស្មី ឡើយ ។

សំនួរទី២៖ តើសំឡេងដែលបែកធ្លាយ របស់លោកហ៊ុនសែន ដែលបានបញ្ជាមកឈ្មោះអាហួត គឺជាឈ្មោះរបស់លោកមែនឬទេ។ ចំពោះករណីនេះ ខ្ញុំបានឆ្លើយថា សំឡេងនោះមិនមែនជាសំឡេងពិត របស់សម្តេចតេជោ ហ៊ុន សែន ទេ គឺជាសំឡេងដែលបង្កើតឡើង ដោយបញ្ញាសិប្បនិម្មិត AI ប៉ុណ្ណោះ» ។

លោក ឃ្លាំង ហ៊ួត បានគូសបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបបន្ថែមថា ចំពោះការបង្កើតសំឡេងAIខាងលើ គឺក្រុមពួកប្រឆាំងទទួលបាននូវអត្ថប្រយោជន៍សំខាន់ចំនួន០២ គឺ៖
ទី១-បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់សម្តេចតេជោ
ទី២-ក្រុមប្រឆាំងដែលកំពុងរស់នៅទីក្រុងបាងកក ត្រូវបានអង្គការក្រៅរដ្ឋាភិបាលរៀបចំ បញ្ជូនឱ្យ ទៅរស់នៅប្រទេសទី៣ដូចជា៖ សហរដ្ឋអាមេរិក និងកាណាដា សមតាមបំណងរបស់ពួកគេ »។

លោក ឃ្លាំង ហ៊ួត លើកឡើងថា ជានិច្ចកាលក្រុមពួកប្រឆាំង បានដាក់គោលដៅដើម្បីបំផ្លាញ សម្តេចតេជោ ហ៊ុន សែន តាមគ្រប់រូបភាព ព្រោះសម្តេចតេជោ គឺជាគ្រឹះដ៏រឹងមាំរបស់ប្រទេស និងគណបក្សប្រជាជនកម្ពុជា។ ដូច្នេះអ្នកដែលបង្កើតសំឡេងAI គឺមានចេតនាទុច្ចរិតចង់បំផ្លាញសម្តេចតេជោ និងបំផ្លាញប្រទេសជាតិ ។

លោកបន្ថែមថា ដោយឡែកពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គឹមយ៉ា នៅទីក្រុងបាងកក ផ្អែកតាមការបញ្ជាក់របស់សមត្ថកិច្ចថៃ គឺជាករណីទំនាស់ផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿង នយោបាយក្រៅប្រទេសនោះទេ ។

លោក ឃ្លាំង ហ៊ួត បានអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងប្តេជ្ញាការពារសុខសន្តិភាពឱ្យបានគង់វង្ស ទោះត្រូវបង់តម្លៃណាក៏ដោយ ៕

To Top