ព័ត៌មានជាតិ

ក្រសួងអប់រំ និងដៃគូពាក់ព័ន្ធ នឹងរៀបចំសន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ ការអប់រំឌីជីថល”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ KOICA, UNICEF, CDRI, និងក្រុមហ៊ុន Cellcard នឹងរៀបចំសន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ ការអប់រំឌីជីថល” រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សន្និសីទនិងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ផ្តល់ ឱកាសពិភាក្សានិងចែករំលែកចំណេះដឹង និងឧត្តមានុវត្តន៍បច្ចេកវិទ្យាអប់រំ ពង្រឹងកិច្ចសហប្រតិបត្តិការរវាង អ្នកបង្កើតគោលនយោបាយ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងចូលរួម លើកកម្ពស់សមត្ថភាពឌីជីថលក្នុងវិស័យអប់រំ។

សន្និសីទនិងពិព័រណ៍នេះនឹងនាំមកនូវសកម្មភាពចម្រុះ រួមមាន បទអន្តរាគមន៍ជាយុទ្ធសាស្ត្រពីអ្នក ជំនាញជាតិ និងអន្តរជាតិ វេទិកាពិភាក្សា និងការចែករំលែកចំណេះដឹង ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំ កម្មវិធីប្រកួតប្រជែង គ្រូបង្រៀនដែលប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជា ប្រចាំឆ្នាំ២០២៥ និងការប្រកួតប្រជែងសមត្ថភាពឌីជីថលដែលអ្នកចូលរួមអាចវាស់ស្ទង់សមត្ថភាព និង ចំណេះដឹងឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។

សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីគ្រប់គ្រង មន្ត្រីជំនាញ សាស្ត្រាចារ្យ និងសិស្សនិស្សិតប្រមាណជាង ២ម៉ឺននាក់ ពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត គ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និង គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះ នឹងធ្វើការផ្សាយផ្ទាល់តាមបណ្តាញ ផ្សព្វផ្សាយផ្លូវការរបស់ក្រសួង និងដៃគូសហការនានាទៅកាន់សាធារណជនទូទាំងប្រទេស។

ក្រសួងអប់រំ យុវជន និងកីឡាលើកទឹកចិត្តភាគីពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសធុរកិច្ចថ្មីឌីជីថល ធុរកិច្ចថ្មីបច្ចេកវិទ្យា គ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានបណ្តុះ បណ្តាលគ្រូ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ចូលរួមសហការគាំទ្រ និងដាក់តាំងបង្ហាញសមិទ្ធផលនិង សេវាកម្មបច្ចេកវិទ្យាអប់រំ រួមទាំងផ្សព្វផ្សាយសន្និសីទនិងពិព័រណ៍នេះឱ្យបានទូលំទូលាយ ៕

To Top