កណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញអាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវបន្តខិតខំស្វែងរកទីតាំងដែលសុំស្រប ដើម្បីបង្កើតជាសួនឧទ្យាននៅមូលដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជាកន្លែងកំសាន្តសម្រាប់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានធ្វើការស្នើដល់បណ្តាក្រុង-ស្រុក ទាំងអស់ត្រូវខិតខំរកទីតាំងដែលសាកសម្រាប់ទុកធ្វើជាសួនឧទ្យានឲ្យបានច្រើនកន្លែង ហើយធ្វើការចុះបញ្ជីទុកហើយបានល្អប្រសើរ ទុកសម្រាប់ជ្រើសរើសទីតាំងដែលល្អជាងគេ ដាក់ឆ្លង់យោបល់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ដើម្បីសម្រេចជ្រើសរើសទីតាំងមួយណាធ្វើជាសួនឧស្យាន តាមបណ្ដាក្រុង-ស្រុកនានាក្នុងខេត្តកណ្ដាល។
លោកអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់ក្រុង-ស្រុកណាដែលមិនទាន់មានទីតាំងសម្រាប់ធ្វើសួនឧទ្យាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងរកទីតាំង ដោយត្រូវសិក្សាលំអិតក្នុងសាងសង កែល្អតាមមតិអង្គប្រជុំ ជាពិសេសត្រូវបន្តការខិតខំការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានចប់រួចរាល់កុំឲ្យអូសបន្លាយពេលតទៅទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការរៀបចំឲ្យមានទីតាំង សួនឧទ្យាន នៅតាមបណ្តាក្រុង-ស្រុក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញការអភិវឌ្ឍពហុវិស័យ និងលើកកម្ពស់សោភ័ណ្ឌភាព ដោយធ្វើការកែសម្រួលដីរដ្ឋដែលអស់សុពលភាពប្រើប្រាស់ ទៅជាអាងស្តុកទឹកបម្រើការងារស្រោចស្រព អភិរក្សពូជត្រី មជ្ឈមណ្ឌលកីឡដ្ឋាន សួនបណ្តុះកូនឈើ ឧទ្យានដាំឈើចម្រុះគ្រប់ប្រភេទ ជាតំបន់កសិទេសចរណ៍ និងតំបន់អភិរក្សជីវចម្រុះគ្រប់ប្រភេទជាដើម៕