ភ្នំពេញ៖ ជាអាទិភាព និងតម្រូវការជាក់ស្តែង ស្ពានឈើ និងស្ពានដែកតូចចង្អៀត ចាស់ទ្រុឌទ្រោម ត្រូវបានជំនួសដោយស្ពានបេតុងធំទូលាយ រឹងមាំ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ) ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមក្រសួងសាធារណការ និងដឹងជញ្ជូន នាថ្ងៃទី១៨ មករានេះ បានឲ្យដឹងថា គម្រោងស្ថាបនាស្ពានបេតុង ២កន្លែង អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង ៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។
ស្ពាននេះ សម្រេចការសាងសង់ជាង ៨០% ហើយ ដោយបានបើកការដ្ឋានកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ហើយគ្រោងដាក់ឱ្យដំណើរការប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕