ខេត្តកំពង់ឆ្នាំង ៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្នានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី ដាក់សម្ពោធសាលប្រជុំនិងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន១៣៣នាក់ ស្រី៧០នាក់ នៅស្នាក់ការគណបក្សឃុំក្រាំងស្គា។ ក្នុងពិធីនោះផងដែរ លោក ឆាយ ឫទ្ធិសែន បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ជូនដល់អង្គពិធីផងដែរ។

បន្ទាប់មកលោក ឆាយ ឫទ្ធិសែន បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិការ គណកម្មាធិកាបក្សឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ សរុបចំនួន៤៤២អ្នក។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ របស់ប្រធានគណកម្មាធិការបក្សឃុំក្រាំងស្គារ និងឃុំក្តុលសែនជ័យ រួចមក លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គពិធីមូល និងបានជម្រាបជូនសមាជិក សមាជិកា នៃអង្គពិធី នូវតម្លៃនៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពប្រាកដនិយមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន សម្តេចអគ្គមហាពញាចក្រីហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធាន និងជានាយករដ្ឋមន្រ្ដី។

ក្នុងឱកាសនោះផងដែរ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងបានផ្តល់អនុសាសន៍ និងផ្តាំផ្ញើជូនគណកម្មាធិកាបក្សឃុំទាំងពីរដូចខាងក្រោម:
១.ត្រូវខិតខំរៀនសូត្រ ស្វែងយល់អំពីកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និង សេចក្តីសម្រេចនានារបស់គណបក្ស ជាពិសេសស្វែងយល់អំពីសកម្មភាព ស្នាដៃ សមិទ្ធផល និងគុណូប្បការៈដ៏ធំធេង និងស្មារតី៧មករា
២.ចូលរួមអនុវត្តគោលការណ៍រក្សាចាស់បង្កើនថ្មី ក្នុងការពង្រីកសមាជិកបក្ស និងចុះឈ្មោះបោះឆ្នោត ដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យឱ្យបានខ្ជាប់ខ្ជូននិងដណ្តើមជ័យជម្នះនាពេលខាងមុខ ។
៣.បន្តចូលរួមពង្រឹងសតិអារម្មណ៍ និងការចិញ្ចឹមចលនាដូចភ្លៀងរលឹម ដែលជាមូលដ្ឋានគ្រឹះធានាប្រៀបខ្លាំង និងប្រៀបឈ្នះ នៃការការបោះឆ្នោត ស្របតាមគោលការណ៍ សមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយ
៤.សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមការពារដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី កម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅ កម្ពុជា និងរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់ កម្ពុជា ។ ទន្ទឹមនេះ លើកកម្ពស់គុណតម្លៃ អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាន នាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង
៥.សមាជិកបក្សត្រូវចូលរួមផ្សព្វផ្សាយ និងចែករំលែកបណ្តាញសង្គម នៅតាមបណ្តាថ្នាក់ ជាពិសេសក្រុម ការងារយុវជន ដើម្បីទទួល និងចែកចាយព័ត៌មានពិតពីថ្នាក់លើ មកថ្នាក់ក្រោម និងធ្វើការ វាយបក បកស្រាយ បំភ្លឺ នូវរាល់ព័ត៌មានក្លែងក្លាយ ឲ្យបានទាន់ពេលវេលា ។
៦.សូមបន្តពង្រឹង និងថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំ។

គួរជម្រាបជូនផងដែរថា ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណកម្មធិការបក្សនៃឃុំក្រាំងស្គារ និងឃុំក្តុលសែនជ័យ នាពេលនេះ លោក ឆាយ ឫទ្ធិសែន បានជួយឧបត្ថម្ភនូវថវិការ និងទូរទស្សន៍ខ្នាតធំ ១គ្រឿង ជូនដល់ស្នាក់ការគណបក្សនីមួយៗផងដែរ សម្រាប់យកទៅប្រើប្រាស់បម្រើដល់ប្រយោជន៍ គណបក្សផងដែរ៕




