ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ មិនមានការធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកោសល្យគូរូប តាមទីតាំងសាធារណៈ ឡេីយ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូនមានពិការភាព ខណៈអាជ្ញាធរ មិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកោសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃ ផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ។

ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល់ និងជាមួយប្អូនប្រុស សល់ សុខចាន់ មានពិការភាពដៃទាំង២ ដោយប្រេីជេីងជំនួសដៃ នៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានផ្តល់ជម្រេីសដល់ប្អូនប្រុស អាចជ្រេីសរេីស ទៅទីតាំងណាមួយ ដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹង មករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំ ឱ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូនប្អូនៗទាំងពីរនាក់ប្តីប្រពន្ធផងដែរ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងនាមសម្ដេចធិបតីជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចយកចិត្តទុកដាក់លេីជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកោសល្យ ក្នុងការគូរូប ធ្វេីជាមុខរបរអាជីវកម្មចិញ្ចឹមជីវិតដោយខ្លួនឯង។

ក្នុងនាមអាជ្ញាធរ លោក ឃួង ស្រេង នឹងជួយរៀបចំបង្ករលក្ខណៈងាយស្រួល ដល់ប្អូនប្រុស ដើម្បីអាចប្រកបមុខរបរអាជីវកម្មបាន។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងថ្ងៃនេះ សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ថវិកា ចំនួន៣លានរៀល ដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រី ណារី ខណៈប្អូនស្រី កំពុងតែមានផ្ទៃពោះ និងបានប្រាប់ថា មណ្ឌលសុខភាព អាចពិនិត្យ ដោយមិនមានបង់ថ្លៃឡេីយ ។

លោក ឃួង ស្រេង បានបន្តថា ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្តល់ផ្ទះមួយខ្នង ជូនប្អូនប្រុស សល់ សុខចាន់ និងភរិយា នៅក្នុងភូមិអណ្តូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលផ្ទះនេះធ្វេីឡេីងសម្រាប់ជួយដល់ជនក្រីក្រ គ្មានទីតាំងស្នាក់នៅ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើកិច្ចការងារនេះ ជាយូរឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១៦មក ហើយផ្ទះនេះទុកបម្រុង សម្រាប់ទូរគតជន ដែលគ្មានកន្លែងស្នាក់នៅ ដូចជាប្អូនប្រុសប្អូនស្រី ក្នុងនោះផ្ទះនេះមានទំហំ ៣គុណនឹង៦ម៉ែត្រ ដែលអាចស្នាក់នៅបាន ចំពោះប្អូនដែលមិនទាន់មានកូនចៅ ប្រសេីជាងរស់នៅផ្ទះជួលហេីយមានចំងាយឆ្ងាយ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងនោះ លោក ឃួង ស្រេង មានប្រសាសន៍ទៀតថា “ខ្ញុំសូមបញ្ជាក់ឡេីងវិញ ជុំវិញការផ្សាយ និងការភ័ន្តច្រឡំកាលពីម្សិលមិញថា អាជ្ញាធរធ្វើទុកបុកម្នេញ ប្អូនពិការដែលមានទេពកោសល្យ មិនមែនជាការពិតទេ ខ្ញុំឮសូរដំណឹងនេះ ខ្ញុំបានប្រកាសព័ត៌មានផ្សព្វផ្សាយ ដើម្បីស្វែងរកប្អូន ហើយខ្ញុំក៏ឱ្យអាជ្ញាធរខណ្ឌយើងស្វែងរកឃើញប្អូន ដឹងថាស្នាក់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ហេីយផ្ដល់ឱកាសជូនគាត់ ដើម្បីប្រកបរបរអាជីវកម្ម សម្រាប់ទីតាំងណាដែលមានអតិថិជន អាចប្រកបមុខរបរអាជីវកម្មបាន យេីងនឹងបង្កលក្ខណៈជូនគាត់ មិនថាវត្តភ្នំ មិនថាមាត់ទន្លេ ឬសួនច្បារហើយមិនថាទីតាំងណាទេ យើងនឹងបង្កលក្ខណៈចាំបាច់សំរាប់គាត់ ដើម្បីឱ្យគាត់មានលទ្ធភាព បញ្ចេញនូវវិជ្ជាជីវៈជីវរបស់គាត់ ស្វែងរកចំណូលចិញ្ចឹមជីវិត “ ។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានអំពាវនាវ ដល់បងប្អូនសប្បុរសជន ដែល មានសណ្តាណចិត្ត ចង់ជួយឧបត្ថម្ភដល់ប្អូនប្រុស តិចក្តីច្រេីនក្តី សូមចូលរួមគាំទ្រដល់ប្អូន តាមរយៈគាំទ្រដល់ការគូរូប របស់ប្អូនប្រុស ឬអាចផ្តល់ឱកាសការងារជូនគាត់ជាដេីម។

ក្រោយទទួលបានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈលោក ឃួង ស្រេង ប្អូនប្រុស សល់ សុខចាន់ បានសម្តែងការគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរ ពីសុខទុក្ខប្រជាពលដ្ឋ ដែលជួបកាលលំបាក ខ្វះខាត ជាពិសេសជនមានពិការភាព ដូចជារូបលោកផងដែរ ។

ជាមួយនេះលោក ឃួង ស្រេង បាននាំយកអំណោយជាអង្ករ៥០គីឡូក្រាម , មី២កេស , ទឹកត្រី២យួរ , ត្រីខ២យួរ និងទឹកសុទ្ធ២កេស ដល់ ប្អូនប្រុស សល់ សុខខាន់និងភរិយាផងដែត៕

To Top