ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ អង្គភាពសារព័ត៌មានចំនួន១,៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦ អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបចំនួន ជាង ៨ពាន់នាក់បាន និងកំពុងបំពេញការងារ របស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាពនៅទូទាំងប្រទេស ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព ក្នុងក្របខណ្ឌនៃការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧ របស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

នេះជាប្រសាសន៍ឆ្លើយតបរបស់លោកទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ទៅនឹងសំណួរជុំវិញការអនុវត្តការងារនិងសណ្តាប់ធ្នាប់ របស់អ្នកសារព័ត៌មាននៅមូលដ្ឋាន ដែលសិក្ខាកាមបានលើកឡើងក្នុងឱកាសវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងព័ត៌មានពន្យល់បន្ថែមថា «ឥឡូវយើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកសារព័ត៌មានម្នាក់ៗបាន ដោយគ្រាន់តែស្កែន QR កូដ ដែលមាន នៅលើបណ្ណសម្គាល់អ្នកសារព័ត៌មាននោះដើម្បីបញ្ជាក់ភាពស្របច្បាប់របស់អ្នកសារព័ត៌មាន»។

អ្នកនាំពាក្យបន្ថែមថា «នេះជាប្រព័ន្ធការពារ និងធានា សុវត្ថិភាពទាំងសម្រាប់អ្នកសារព័ត៌មានខ្លួនឯង និងសម្រាប់ប្រភពព័ត៌មានដែលអ្នកសារព័ត៌មាននោះបានទាក់ទងដើម្បីសម្ភាសន៍ ឬចុះយកព័ត៌មាន ហើយវាជាការរួមចំណែកក្នុងការធានាសណ្តាប់ល្អក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

ក្នុងក្របខណ្ឌនៃការពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងព័ត៌មានបានកំណត់ ឱ្យមានការផ្តល់ការ បណ្តុះបណ្តាលស្តីពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមុន ដល់អ្នកសារព័ត៌មាន ជាលក្ខខណ្ឌចាំបាច់មួយ មុននឹង ទទួលបានបណ្ណសម្គាល់អ្នកសារព័ត៌មានពីក្រសួង ដើម្បីធានាអនុវត្តន៍ការងារដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ទៀតថា ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មានបានមើលឃើញលំហ សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពរីកចម្រើនធំធាត់ និងថែមបានទទួលស្គាល់ថា ក្នុងឆ្នាំ២០២៤ សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានមានភាពប្រសើរឡើង។ អ្នកសារព័ត៌មាន តួអង្គរដ្ឋ និងឯកជន បានវាយតម្លៃស្ថានភាពនៃវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ក្នុងឆ្នាំ២០២៤ ថាមានភាពល្អប្រសើរ ដោយវិស័យនេះបាន និងកំពុងបោះជំហានទៅមុខជាវិជ្ជមានស្របនឹងការរីកចម្រើនក្នុងសង្គម៕
