ព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់ មិនត្រូវមានទស្សនៈផ្នែកឆ្អន់នឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាដាច់ខាត ពីព្រោះកត្តាទាំងនេះ ជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅ ដ៏សុខសាន្តរបស់ប្រជាជន។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំបូក សរុបសកម្មភាពការងារគណៈកម្មាធិការ គណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេច ស ខេង នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។
នាឱកាសនោះដែរ សម្ដេច ស ខេង បានកោតសរសើរ ចំពោះលទ្ធផលសម្រេចបាន របស់គណៈកម្មាធិការគណបក្សខេត្រព្រៃវែង បានរួមគ្នាធ្វើសកម្មភាព ប្រកបដោយជោគជ័យ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៤ ។
សម្តេច បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់ មិនត្រូវមានទស្សនៈផ្នែកឆ្អន់នឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាដាច់ខាត ពីព្រោះកត្តាទាំងនេះជាមូលដ្ឋានគ្រឹះ នៃជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន ដែលក៏ជាស្នូល នៃការពង្រឹងកម្លាំង នយោបាយរបស់គណបក្ស ។
សម្តេច ក៏បានណែនាំឱ្យបន្តចុះ តាមមូលដ្ឋាន ចុះតាមខ្នងផ្ទះ ចុះតាមដីស្រី ដីចម្ការ និងកន្លែងប្រកបរបរទទួលទានរបស់ប្រជាជន ដើម្បី ស្វែងយល់ពីជីវភាពរស់នៅ សុខទុក្ខ តម្រូវការ សំណើ សំណូមពរ និងដោះស្រាយបញ្ហារបស់ប្រជាជន ប្រកបដោយយុត្តិធម៌ បន្តតាមដានព័ត៌មាន និងសាធារណមតិ ដើម្បីប្រមូលបញ្ហាពាក់ព័ន្ធមកដោះស្រាយ ហើយទន្ទឹមគ្នានេះត្រូវរួមគ្នាប្រឆាំងព័ត៌មាន ក្លែងក្លាយ ដែលជាអាវុធបំពុលសង្គមប្រភេទថ្មី ដ៏ពេញនិយម ជាពិសេសលើបណ្តាញ ផ្សព្វផ្សាយសង្គម។
លើសពីនេះ សម្តេច ស ខេង ក៏បានណែនាំថ្នាក់ដឹកនាំ និងក្រុម ការងារគណបក្ស បំផុសឱ្យប្រជាពលរដ្ឋ ចូលរួមអប់រំ តាមដាន ទូន្មាន ប្រៀនប្រដៅ កូនចៅរបស់ខ្លួនឱ្យ ចៀសឆ្ងាយពីអំពើអបាយមុខ ក្នុងសង្គម ដូចជាគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើងជាដើម ជា ពិសេសជំរុញ ឱ្យអាជ្ញាធរគ្រប់ថ្នាក់ ដឹកនាំអនុវត្តឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាព នូវគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕