ពោធិ៍សាត់៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅមណ្ឌលអភិវឌ្ឍន៍ អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មណ្ឌលអភិវឌ្ឍន៍ អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ជាដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង ដែលជាភូមិបានបំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា។
សូមរំលឹកថា នៅអំឡុងឆ្នាំ២០២០ រដ្ឋបាលខេត្តពោធិ៍សាត់ ដែលមានលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត នាពេលនោះ និងលោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស បានរៀបចំត្រួសត្រាយ និងបែងចែកដីលំនៅឋាន និងដីកសិកម្មជូនអតីតយុទ្ធជន ទាំង ៦២៨គ្រួសារ ដោយ ១គ្រួសារទទួលបានដីទំហំ ១០.៥០០ម៉ែត្រការ៉េ។
ដោយពិនិត្យឃើញពីការលំបាក របស់បងប្អូនអតីត យុទ្ធជន គ្មានផ្ទះក្នុងការស្នាក់នៅ លោកបណ្ឌិត គន់ គីម បានស្នើសុំផ្ទះ ពីកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តមមុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់ផ្ទះទំហំ ៧ម៉ែត្រ x ៥ម៉ែត្រ មានថែមដំបូលខាងក្រោយ និងបន្ទប់ទឹកសម្រាប់អតីត យុទ្ធជនទាំងអស់ចំនួន ៦២៨ខ្នង ដែលបានបញ្ចប់ការ សាងសង់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រគល់ជាលើកចុងក្រោយ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ៕