ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជាបញ្ជូនឃាតកសម្លាប់លោក លិម គិមយ៉ា ទៅឱ្យសមត្ថកិច្ច គឺដើម្បីបញ្ជាក់ភាពស្អាតស្អំ របស់រាជរដ្ឋាភិបាលកម្ពុជា ។
នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ក្រុមសមត្ថកិច្ចកម្ពុជា បានបញ្ជូនឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា តំណាងរាស្ត្រ នៃអតីតគណបក្ស សង្គ្រោះជាតិ ឈ្មោះ «អេកាឡាក់ ភាណយ (Ekkalak Pheanou)» ទៅឱ្យភាគីថៃវិញ តាមនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីឃាតករូបនេះ បានរត់ចូលកម្ពុជា នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ លោក លិម គិមយ៉ា រួច នៅទីក្រុងបាងកក ប្រទេសថៃ ។
ជុំវិញករណីឃាតកម្មបាញ់សម្លាប់ លោក លិម គិមយ៉ា នេះដែរ ក្រុមប្រឆាំងនៅក្រៅប្រទេស បានចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជា នៅទីក្រោយខ្នងរឿងនេះ ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន មិនជាប់ពាក់ព័ន្ធ និងមិននៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងឡើយ។ សម្តេច ចោទសួរថា តើរាជរដ្ឋាភិបាលល្ងង់ណាស់ឬ បើសិនរាជរដ្ឋាភិបាលនៅពីក្រោយរឿងនេះ តើចាប់បញ្ចូនជនសង្ស័យជាឃាតករ ទៅឱ្យអាជ្ញាធរថៃស៊ើបធ្វើអី?
សម្តេចបវរធិបតី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា មិនគាំទ្រ និងថ្កោទោស ចំពោះការបាញ់ប្រហារនេះ។ សម្ដេច ក៏បានផ្តាំផ្ញើដល់អ្នកនយោបាយ កុំធ្វើយកករណីនេះធ្វើអាជីវកម្មរបស់ខ្លួន ដូចករណីកន្លងមក ។
សម្តេចបវរធិបតី បន្ថែមទៀតថា ការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជា ពិតជាអយុត្តិធម៌ណាស់ ហើយ សម្តេច ក៏ចង់ដឹងដែរថា រឿងឃាតកម្មនេះ យ៉ាងម៉េច ហើយអ្នកណាជាមេខ្លោង នៅពីក្រោយរឿងរ៉ាវនេះ ។ សម្ដេច ថា កម្ពុជា បញ្ជូនខ្លួនជនដៃដល់ បាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យភាគីថៃ ព្រោះចង់បង្ហាញថា រាជរដ្ឋាភិបាលមិនពីក្រោយករណីនេះ ដូចការចោទប្រកាន់ឡើយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ដើម្បីបញ្ជាក់នូវភាពស្អាតស្អំ ដើម្បីបញ្ជាក់តម្លាភាពយើងបញ្ជូនទៅឱ្យថៃ ឱ្យគេស្រាវជ្រៅទៅ បញ្ជាក់ទៅ ឱ្យយើងដឹងផង តើលទ្ធផលយ៉ាងម៉េច? ព្រោះរដ្ឋាភិបាលកម្ពុជា ក៏ចង់ដែរ។ ដើម្បីរក្សាភាពស្អាតស្អំរបស់យើង យើងមិនបានពាក់ព័ន្ធ តែគេចោទយើង» ៕