ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានប្រកាសថា នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រូវបានដាក់កងកម្លាំងដើម្បីបាញ់ល្បឿន និងបង្កើនការរឹតបន្តឹងខ្ពស់ សម្រាប់ការត្រួតពិនិត្យ ជាតិអាកុលចាប់ពីថ្ងៃ២១ មករានេះតែម្តង ។
ការដាក់បញ្ជា របស់លោកស្នងការក្រុងនេះ ក្រោយសង្កេតឃើញថា ផ្លូវនេះឧស្សាហ៍កើតគ្រោះ ថ្នាក់បន្សល់ដែលទុកសោដនាថ កម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដោយខ្លះបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន ។ ជាក់ស្តែងកាលពីសប្តាហ៍មុន មួយគ្រួសារត្រូវបានអ្នកបើកបរមានជាតិស្រវឹង បើករថយន្តបុកមួយគ្រួសារ ស្លាប់ដោយទាំងកូនតូចៗ ២នាក់ផងដែរ ដោយបន្សល់ទុកម្តាយរង របួសធ្ងន់ដាច់ជើងម្ខាង ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃ២០ មករា បានបញ្ជាស្នងការរង ស្តីទីផែនការងារ នគរបាលចរាចរណ៍ និងនាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំមន្រ្តីជំនាញ ចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ និងពិនិត្យបញ្ហាប្រឈម ដែលកើតមានបញ្ហាគ្រោះថ្នាក់ ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រនេះ ព្រមទាំងផាកពិន័យ ចំពោះអ្នកបើកបរលើសល្បឿន កំណត់៦០Km/h ។
លោកគូសបញ្ជាក់ថា “យើងបានរៀបចំក្រុមចុះទៅផ្លុំជាតិអាល់កុលផង ហើយនឹងបង្កើនការបាញ់ល្បឿន នៅផ្លូវ៦០ម៉ែត្រផង ដោយសារផ្លូវ៦០ម៉ែត្រនេះ គឺជាផ្លូវមួយដែលស្អាតធំទូលំទូលាយ តែអ្នកប្រើប្រាស់ផ្លូវច្រើន តែមិនគោរពច្បាប់ ។ គ្រាន់តែប្រើប្រាស់ល្បឿនក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ មាន៤៩ភាគរយបង្ក ដោយការប្រើប្រាស់ល្បឿនលឿនហួសកំណត់” ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាទៅការិយាល័យ ក៏ដូចជាស្នងការរង ពាក់ព័ន្ធខាង ចរាចរណ៍ ឲ្យចុះមើលភូមិសាស្រ្តនិងពេលវេលាដែលកើតហេតុ ថាតើបណ្តាល មកពីកត្តាអ្វីខ្លះបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍?។
លោកស្នងការក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ៕