ភ្នំពេញ៖ យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្តដល់បងប្អូន អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថល ឱ្យកាន់តែច្រើន ដើម្បីអនាគតមុខរបរការងារ និងប្រាក់ចំណូលគ្រួសារកាន់តែរីកចំរើន ។
នេះបើតាមការលើកឡើង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាឱកាសលោកអភិបាល និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការផ្សព្វផ្សាយការ ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ (នៅដី ហ្គ្រេន ធីរេស “The Grand Terrace”ខណ្ឌទួលគោក។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានលើកឡើង ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើឱ្យពួកគេទទួលបានព័ត៌មានទូលំទូលាយ ពីអត្ថប្រយោជន៍នៃការចុះឈ្នោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈការចុះឈ្មោះនេះធ្វើឡើង ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ និងបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បង្កលក្ខណៈងាយស្រួល គាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង មានប្រសាសន៍ថា “ការចុះឈ្មោះនេះ គឺ អាចបញ្ជាក់ពីអត្តសញ្ញាណអាជីវកម្មច្បាស់លាស់ ដែលអាចយកប្រើ ការផ្សេងៗបាន ព្រមទាំងផ្តល់ប្រយោជន៍ លើការបណ្តុះបណ្តាលជំនាញថែមទៀតផង។ ក្រោយចុះឈ្មោះ និង ទទួលការអនុម័ត នៅលើថ្នាលឌីជីថលហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូន ដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះ បញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្នុងពិធីខាងលើនេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ នូវការចុះឈ្មោះ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅភ្នំពេញ មានរហូតរាប់ លាននាក់ ដែលទៀមទាឱ្យមានការរៀបចំការជួបជុំថ្ងៃនេះ ក្នុងការរៀបជាថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា។
លោក ហែម វណ្ណឌី មានប្រសាសន៍ថា “កន្លងមកបងប្អូនជាម្ចាស់អាជីវកម្ម អាចចុះឈ្មោះបាននៅ តែច្រកចេញ ចូលតែមួយ។ តែសំរាប់ពេលនេះបងប្អូនអាចចុះឈ្មោះបាន តាមប្រព័ន្ធឌីជីថល ពោលគឺប្រើតែអត្តសញ្ញាណប័ណ្ណ និងរូបថតគឺរួចជាស្រេច។ សំរាប់ការចុះដោយប្រព័ន្ធឌីជីថលនេះ បងប្អូនអាចបង្កើតដោយខ្លួនឯង ឬជាមួយភ្នាក់ងារ ដែលមាននៅទូទាំងប្រទេស ឬក៏ទៅរកសេវានេះ នៅធនាគារចំនួន៥ គេនឹងបំពេញការងារចុះឈ្មោះនេះ ដោយមិនយកប្រាក់ ជាមួយនឹងការប្រើប្រាស់ពេលវេលា នៃការចុះឈ្មោះប្រមាណ១០នាទីប៉ុណ្ណោះ”។
ដោយឡែក ក្នុងនាមជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានត្រៀមយុវជនឆ្នើមចំនួន១០០នាក់ សម្រាប់ត្រៀមសហការ ជាមួយច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការ សម្របសម្រួលអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការចុះជំរុញលើកទឹកចិត្ត ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងយុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ។
បន្ថែមលើនេះ លោកឧកញ៉ាបណ្ឌិត ឡី សុភាព គូសបញ្ជាក់ថា “ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបន្តវេនដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នីតិកាលទី៦ ក្នុងដំណើការដឹកនាំ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ឱ្យសម្បូណ៌ សប្បាយ រុងរឿង និងការ អភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ជាពិសេសការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួម ក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ នឹងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារ សង្គមផ្លូវការ និងការ បណ្តុះបណ្តាលចំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ នៅទូទាំងប្រទេស។
គួរឱ្យដឹងដែលថា សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានសម្របសម្រួល ការចុះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានីភ្នំពេញ តាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូនសហគ្រាសធុនមីក្រូ កម្មករ-និយោជិត និងបុគ្គលស្វ័យនិយោជន៍ រាជធានីភ្នំពេញ បានចំនួន១ពាន់នាក់ផងដែរ ។ ដោយឡែកក្នុងរយៈពេលជាងមួយខែ ពោលក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញ ការចុះឈ្មោះ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះបានជាង១២០០នាក់៕