ព័ត៌មានជាតិ

សហគមន៍ ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក បានទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈអ៊ុំទូកប្រពៃណី ដោយស្រ្តីនៅក្នុងសហគមន៍

សៀមរាប: សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន០៣ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង មានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីទី រួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។

សហគមន៍នេះមានភាពទាក់ទាញ ដល់អ្នកទេសចរអាចទស្សនាជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗ នៅលើផ្ទៃទឹក ទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយកនូវរូបភាពស្អាតៗ ហើយអ្វីដែលកាន់តែពិសេសគឺអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ជាមួយនឹងភោជនីយដ្ឋាន បណ្តែតទឹក បែចិញ្ជឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិច ដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង ។

ចំពោះលក្ខណ:ពិសេសប្លែក គេរបស់សហគមន៍ ហើយដែលភ្ញៀវទេសចរជាតិ-អន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្ត ក្នុងភូមិមើលទេសភាព និងព្រៃលិចទឹក ដែលមានអ្នកអុំទូកជាស្ត្រី។ ក្រុមស្ត្រីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូក ដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរ ដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណ:ស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាល ផ្តល់នូវភាពកក់ក្តៅ៕

To Top