ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃ២០ មករា បានអញ្ជើញចុះជួបសំណេះសំណាល និងជំរុញលើកទឹកចិត្តឱ្យបង្កើនសមត្ថភាពបន្ថែម ដល់មន្ត្រីរាជការនៃមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ទ្រយឹងស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ តំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
មណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹងមានផ្ទៃដីទំហំបណ្តោយ៣០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ ចំនួន៣អគារ រួមមាន៖ ១) អគារសង្រ្គោះបឋម និងជំងឺទូទៅ១ខ្នង មាន១៩បន្ទាប់ , ២) អគារសម្ពព និងរោគស្រ្តីមាន៩បន្ទប់ និង៣)អគារអន្តេវាសិក (អគារស្នាក់នៅ) មានកម្ពស់២ជាន់ មានចំនួន២០បន្ទប់។
ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ដើម្បីផ្តល់ជាការលើកទឹកចិត្ត និងជំរុញការបម្រើសេវាសុខាភិបាលជូនប្រជាជន នៅតំបន់នោះ ជាពិសេសអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជន ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំបន្ថែមដល់មន្រ្តីរាជការ នៃមណ្ឌលសុខភាព ដោយត្រូវបង្កើន សមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ថែម ការប្រើប្រាស់ម៉ាស៊ីន X-RAY និងម៉ាស៊ីន អេកូ ព្រមទាំង សូមចូលរួមថែទាំសម្ភារៈបរិក្ខាពេទ្យប្រើឱ្យ បានគង់វង្សយូអង្វែង៕