ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមកាលពីពេលថ្មីនេះ បានលើកឡើងថា ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល។

ក្នុងឱកាសចុះពិនិត្យសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមទាំងអស់ ដើម្បីដឹងពីសុខទុក្ខ និងស្វែងយល់ពីការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តី ដោយបានណែនាំត្រូវពង្រឹង និងពង្រីកសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម។ ក្នុងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខប្រជាពលរដ្ឋដែលអញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត និងបានអំពាវនាវដល់សមាជិកក្រុមគ្រួសារបង្កើនជាសកម្មភាពដ៏ប្រពៃណីបន្ថែមទៀត ក្នុងការបង្កើតជាទម្លាប់ជាប្រចាំក្នុងការបរិច្ចាគ ហើយការបរិច្ចាគឈាម គឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ។ ដោយលោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល”។

ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់បង្កើនការសាមគ្គីគ្នា សហការគ្នា យល់យោគគ្នា ចេះសន្តោស និងបំពេញភារកិច្ចការងាររបស់ខ្លួនដោយទឹកចិត្ត ស្នាមញញឹមគ្រប់ពេលវេលា។ សាស្រ្តាចារ្យ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អបន្ថែម ដើម្បីបង្កើនសោភ័ណ្ឌភាពកន្លែងបរិច្ចាគឈាម ឱ្យមានភាពរស់រវើក ជាពិសេសបង្កើនការទុកចិត្ត ទាក់ទាញ កក់ក្តៅ ទើបមានការចូលរួមបរិច្ចាគឈាមបន្តទៀត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសាន៍ជាគន្លឹះមួយចំនួន ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិ ដោយត្រូវ៖រៀបចំផែនការធ្វើនវានុវត្តន៍ ក្នុងការទទួលអំណោយឈាម និងការអប់រំផ្សព្វផ្សាយ , លើកកម្ពស់ការបរិច្ចាគឈាមស្ម័គ្រចិត្ត លើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមទៀងទាត់ និងបង្កើនការចូលរួមស្ម័គ្រចិត្តពីអ្នកបរិច្ចាគឈាមថ្មី បន្ថែមទៀត , បង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន អង្គការ សមាគម វិស័យឯកជន សប្បុរសជន , ត្រូវបង្កើនសមត្ថភាពជំនាញឱ្យកាន់តែមុតស្រួច ជាពិសេសផ្នែកមន្ទីរពិសោធន៍ ត្រូវមាននីតិវិធីស្តង់ដាឱ្យកាន់តែច្បាស់លាស់៕












