ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ៖ ក្រសួង កំពុងបន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍកិច្ចការហ្វ្រង់កូហ្វូនីនៅកម្រិតតំបន់ និងពិភពលោក។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ludovic TORO អភិបាលក្រុង Coubron នៃសាធារណរដ្ឋបារាំង ស្តីពី «ការលើកកម្ពស់កិច្ចការហ្វ្រង់កូហ្វូនី និងជំនួយឧបត្ថម្ភនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា» នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ក្នុងឱកាសនេះ លោក អភិបាលក្រុង បានជម្រាបជូននូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការភាសាបារាំង ការលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង និងការផ្តល់ជំនួយផ្សេងៗដល់សិស្សានុសិស្ស និងគ្រូបង្រៀនភាសាបារាំងនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា ខេត្តតាកែវនាពេលកន្លងមក។តាមរយៈកិច្ចសហប្រតិបត្តិការនេះ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា ត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើការទំនាក់ទំនងផ្ទាល់ជាភាសាបារាំងជាប្រចាំជាមួយសិស្សជនជាតិបារាំង ដើម្បីឱ្យពួកគេបានអនុវត្ត និងបន្តអភិវឌ្ឍចំណេះដឹងភាសាបារាំងឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលក្រុង ចំពោះការគាំទ្រលើវិស័យអប់រំនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា ក៏ដូចជាការផ្តល់ជំនួយចាំបាច់នានាដល់វិទ្យាល័យ ដើម្បីបន្តកែលម្អការរៀននិងបង្រៀនភាសាបារាំងដល់សិស្សានុសិស្ស ដែលជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍភាសាបារាំងនៅកម្ពុជា ព្រមទាំងបានចែករំលែកពីទិដ្ឋភាពទូទៅនាពេលបច្ចុប្បន្ននៃកម្មវិធីអប់រំភាសាបារាំងនៅកម្ពុជា ដោយគូសបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍកិច្ចការហ្វ្រង់កូហ្វូនីនៅកម្រិតតំបន់ និងពិភពលោក»។

លោក ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិលើកកម្ពស់ការអប់រំភាសាបារាំងដល់សិស្សានុសិស្សនៅតំបន់ជនបទ និងសូមគាំទ្រលើកទឹកចិត្តដល់លោក Ludovic TORO អភិបាលក្រុង Coubron នៃសាធារណរដ្ឋបារាំង ចំពោះរាល់គំនិតផ្តួចផ្តើមពង្រឹង និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅចូលរួមជំរុញការអភិវឌ្ឍ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕

To Top