ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ចំនួនភ្ញៀវជាតិ-អន្តរជាតិ ចូលមកទស្សនាតាមរមណីយដ្ឋាននានា នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ មានចំនួនជាង១១លាននាក់ ដែលកើនឡើង ជាង៦៣ភាគរយ បើធៀបឆ្នាំ២០២៣ ។

ខាងលើនេះ ជាការបញ្ជាក់របស់លោក ឃួង ស្រេង ក្នុងឱកាសក្នុងពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ក្នុងសន្និបាតនេះ លោក ឃួង ស្រេង បានលើកឡើងថា ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋតាមរយៈអង្គភាព ច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចំនួន ១០១.៧០០សេវា ដែលក្នុងមួយថ្ងៃ ទទួលបាន២៧៣សេវា ទទួលបានចំណូលសរុប ៤៨.៣៩៤.៧៣១.៣៥០រៀល ស្មើនិងជាង១២សែនដុល្លារ។ ក្នុងនោះបានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួល ដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវា បានចំនួន ២៧០នាក់។

លោក ឃួង ស្រេង បានបញ្ជាក់ថា “ចំនួនភ្ញៀវជាតិ-អន្តរជាតិ មកចូលទស្សនាតាមរមណីយដ្ឋាននានា នៅក្នុងរាជធានី មានចំនួនជាង១១លាននាក់ ដែលមានកំណើនកើនឡើង ជាង៦៣ភាគរយ បើប្រៀបធៀបឆ្នាំ២០២៣”។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា នៅឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់ បណ្តុំផ្ទះលែ្វងចំនួន៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅចំនួន១៨៧៧អគារ មានរោចក្រចំនួន៨១១រោងចក្រ កើនឡើង១៨រោងចក្រ។

ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្តិបាតនេះ ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៦ មកពិភាក្សា ក្នុងនោះរួមមាន៖
១-ពិភាក្សាលើ ចំណុចខ្លាំង និងចំណុចខ្សោយ នៃការផ្ទេរមុខងារវិស័យអប់រំ ៣កម្រិត (ថ្នាក់មត្តេយ្យ ថ្នាក់បឋម និងអប់រំក្រៅប្រព័ន្ធ)។
២-ការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជន ខុសច្បាប់នៅរាជធានីភ្នំពេញ។
៣-ការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ។
៤-ការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពសំណង់អគារខ្ពស់ៗ សំណង់ដែលផ្អាកការ សាងសង់និងសំណង់ទ្រុឌទ្រោមហួសការកំណត់ស្នាក់នៅ ដើម្បីលើកជាសំណើរទៅក្រសួង ដោយសារតែភ្នំពេញយើងជាទីក្រុងដែលមានវ័យចំណាស់។
៥-ការគ្រប់គ្រងសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹក ឈានទៅដល់ការផាកពិន័យចំពោះអ្នកចោលសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹកទាំងនេះ។
៦-ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ ការ បង្ការ បង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការគ្រប់គ្រងជនអន្តោប្រវេសន៍ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ៕



