កំពង់ធំ: លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងពសុព្យាបាល កំពង់ធំ បានចុះពង្រឹងការត្រួតពិនិត្យ អនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើត ពីសត្វនៅសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ នៅតាមបណ្តាទីផ្សារទូទាំងខេត្ត ដើម្បីធានាបាននូវសេចក្តី ត្រូវការហូបចុកសាច់ របស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព ។
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ចាន់ បញ្ញាវ័ន្ត នឹងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ ទៅលើអនាម័យសត្វ សាច់ និងផលិតផលមាន ដើមកំណើតពីសត្វ នៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន ដែលបានពង្រឹងពីគុណភាពសាច់ ដែលជាតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។ ការត្រួតពិនិត្យតាំងពីសត្វរស់រហូតដល់ការពិឃាតរួចរាល់ ដើម្បីឱ្យសាច់មានសុវត្ថិភាព គ្មានជំងឺធានាសុខមាលភាព ជូនប្រជាពលរដ្ឋ មុនពេលពិឃាត និងក្រោយពិឃាត ។ បន្ទាប់មកទៀត ក្រុមជំនាញ បានអូសត្រានៅលើសាច់សម្គាល់ថា សត្វទាំងអស់នេះ ត្រូវបានត្រួតពិនិត្យ ដោយមន្រ្តីជំនាញបសុពេទ្យ យ៉ាងច្បាស់លាស់ នៅពេលដែលគាត់ដឹកចេញ ទៅលក់នៅតាមទីផ្សារក្រុមការងារ បានចេញវិញ្ញាបណ្ណបត្រ បញ្ជាក់ពីអនាម័យសាច់ ដើម្បីយកគាត់យកទៅលក់ចែកចាយ នៅទីផ្សារដោយសុវត្ថិភាព ។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានសំណូមពរ ដល់អ្នកទិញទាំងអស់ នៅពេលដែលទិញសាច់ត្រូវពិនិត្យទៅលើផ្ទាំងសាច់នេះ ដែលតម្រូវឱ្យអូត្រានៅលើសាច់ ដែលបានពិនិត្យដោយបសុពេទ្យយ៉ាងពិតប្រាកដ ។ បងប្អូនប្រជាពលរដ្ឋ ដែលពិឃាតសត្វនៅតាមលំនៅដ្ឋាន សូមយកសត្វមកពិឃាតនៅសត្តឃាតដ្ឋាន ដើម្បីឱ្យបសុពេទ្យពិនិត្យពីជំងឺឆ្លងសត្វ ឬរោគសញ្ញាឆ្លង ដែលលេចឡើងនៅលើដងខ្លួនសត្វមុនពេលពិឃាត ទាមទារនូវអនាម័យខ្ពស់ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ នៅរាល់រដូវបុណ្យទាននីមួយៗ ចូលមកដល់ តម្រូវការហូបចុក សាច់សត្វ ដែលជាតម្រូវការប្រជាពលរដ្ឋតែងតែមានការកើនឡើងច្រើន ជាពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់ពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃនៅសត្តឃាតដ្ឋាន អាជីវករពិឃាតជ្រូកបាន៨សេវា (ជ្រូក៧២ក្បាល តម្លៃ១.៥០០រៀល តម្លៃសរុប១០៣.៥០០រៀល) ។ អាជីវករពិឃាតគោ/ក្របី២០សេវា(គោ២៣ក្បាល តម្លៃ២.០០០រៀល តម្លៃសរុប៤៦.០០០រៀល)។ ក្របី២ក្បាល តម្លៃ២.០០០រៀល តម្លៃសរុប៤.០០០រៀល ។
សរុបរួម= ១៥៣.៥០០រៀល=២៨សេវាផងដែរ ៕
ដោយសំនៀង