ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាម ប៉ាគីស្ថាន បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ។

ក្នុងងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានសម្ដែងនូវការពេញចិត្ត ចំពោះភាពល្អប្រសើរ នៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែក ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន រវាងប្រទេសទាំងពីរ ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីប៉ាគីស្ថាន បានគោរពជម្រាបជូនសម្ដេចធិបតីថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយលោកបានសង្កេតឃើញ ពីភាពប្រហាក់ប្រហែលគ្នា នៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។

ក្នុងនោះលោក Jam Kamal Khan បានបន្ថែមទៀតថា គោលបំណង នៃដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីចូលរួមកិច្ចប្រជុំ គណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះ នឹងមានជំនួប រវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែក បង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀត សម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។

ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ និងពេញចិត្ត ចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកិច្ចប្រជុំ គណៈកម្មាធិការពាណិជ្ជកម្ម ចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។

ទន្ទឹមនឹងនោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែ ជួយពង្រីកកាលានុវត្តភាព វិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីក កិច្ចសហប្រតិបត្តិ លើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន ។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការគាំទ្រ និង វិធានការនានា ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ របស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចធិបតី បានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ជាច្រើនរួមមាន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ៕
