ព័ត៌មានជាតិ

និយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមា បូកបន្ថែមប្រាក់ អត្ថប្រយោជន៍ផ្សេងទៀត ធ្វើឱ្យកម្មករនិយោជិត រស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ភ្នំពេញ ៖ តំណាងភាគីនិយោជក និងសហជីព បានលើកឡើងថា ជីវភាពរបស់កម្មករ និយោជិត នាពេលបច្ចុប្បន្ន មានលក្ខណសមរម្យ និងធូរធារជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលិតផលធ្វើដំណើរនិងកាបូប រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករនិយោជិត ។ ទន្ទឹមនេះ ការដំឡើងប្រាក់ឈ្នួល អប្បបរមាសមស្របជាមួយផលិតភាពក្នុងស្រុកនេះ អាចរក្សាបានទាំងស្ថិរភាព នៃការវិនិយោគនៅក្នុងស្រុក និងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

លោក គឹម ចាន់សំណាង ប្រធានសហភាព សិទ្ធិកម្មករកម្ពុជា បានគូសបញ្ជាក់ថា ទាំងប្រាក់ឈ្នួលអប្បបរមា ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេច សម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារក្នុងមួយខែ បូកបន្ថែមអត្ថប្រយោជន៍នានា និង ការធ្វើការថែមម៉ោងទៀតនោះ ធ្វើឱ្យកម្មករនិយោជិតក្នុងម្នាក់ៗ ទទួលបានចំណូលប្រចាំខែប្រមាណជា៣៦០ដុល្លារ ។ ក្នុងនោះ កម្មករនិយោជិតដែលមានជំនាញវិញ គឺទទួលបានប្រាក់ចំណូលប្រមាណ ៦០០ ទៅ៧០០ ដុល្លារ ។

ប្រធានសហភាព សិទ្ធិកម្មករកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា ក្រៅតែប្រាក់ចំណូលប្រចាំខែ របស់កម្មករនិយោជិត រាជរដ្ឋាភិបាល បានដាក់ចេញនូវសំណាញ់គាំពារ សង្គមដល់បងប្អូនកម្មករនិយោជិត ដូចជាការប្រើប្រាស់បណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ រួមទាំងគោលនយោបាយ មិនឱ្យឡើងថ្លៃទំនិញ ទឹកភ្លើង និងផ្ទះជួលសម្រាប់ពួកគេជាដើម ។ ដែលទាំងនេះជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិបានគិតគូរ និងបន្តយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ ជីវភាពកម្មករនិយោជិត ។

ស្របពេលដែលកម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ ជាច្រើនក្នុងវិស័យនេះផងដែរ ប្រធានសហជីពរូបនេះមើលឃើញថា ជីវភាពរបស់កម្មករ និយោជិត នាពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរជាងមុនច្រើន ពោលគឺរស់នៅក្នុងជីវភាពសមរម្យ។ បើតាមការសង្កេតរបស់លោកផ្ទាល់ គ្រួសារដែលមានសមាជិកជាអ្នកធ្វើការនៅក្នុងរោងចក្រភាគច្រើនមានមធ្យោបាយធ្វើដំណើរសម្រាប់គ្រួសារ មានផ្ទះស្នាក់នៅសមរម្យ និងមានសម្ភារៈប្រើប្រាស់ល្អៗ ដែលធ្វើឱ្យការរស់នៅរបស់ពួកគេមានភាពខុសប្លែកជាងពេលមុនៗស្ទើរតែទាំងស្រុង។

ទន្ទឹមនឹងនេះ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាដែលបានអនុម័តសម្រាប់ឆ្នាំ២០២៥ បានធ្វើឡើងដោយមានការគិតគូរច្បាស់លាស់ផ្អែកលើសេដ្ឋកិច្ចជាតិ និងសកលលោក និងមានការចូលរួមចរចាពីត្រីភាគី ធ្វើយ៉ាងណាប្រាក់ឈ្នួលអប្បបរមាដែលបានដាក់ចេញ ត្រូវតែធានាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ច ផលិតភាពក្នុងស្រុក និង ជីវភាពរបស់បងប្អូនកម្មករ និយោជិត ជាពិសេសរក្សាបាន នូវការប្រកួតប្រជែង ទីផ្សារអន្តរជាតិ ជាមួយបណ្តាប្រទេស ដែលមានកម្រិតវិនិយោគ ដូចប្រទេសកម្ពុជាផងដែរ ។

លោកអគ្គលេខាធិការរង នៃសមាគមវាយនភណ្ឌបន្ថែមថា ជាគោលការណ៍អន្តរជាតិ ដើម្បីធ្វើឱ្យការរស់នៅរបស់ពលរដ្ឋមានលក្ខណសមរម្យ គេត្រូវគិតគូរពីថ្លៃ នៃការរស់នៅ (cost of living) ពោលគឺកំណត់ថ្លៃលើមុខទំនិញ និងសេវាមួយចំនួននៅក្នុងប្រទេស ថាតើការចំណាយ ចំណាយ របស់ពលរដ្ឋអស់ប៉ុន្មានក្នុងមួយខែ?។ ក្នុងនោះ ប្រសិនបើពលរដ្ឋចំណាយអស់១០០ ដុល្លារក្នុងមួយខែ ហើយចំណូលរបស់ពលរដ្ឋក្រោម ១០០ដុល្លារ នោះពួកគេកំពុងរស់នៅក្នុងបន្ទាត់ក្រីក្រ ដូច្នេះហើយការចរចារប្រាក់ឈ្នួល របស់កម្ពុជាសម្រាប់កម្មករក៏ដូចគ្នាដែរ គឺត្រូវបានគិតគូរឱ្យផុតពីបន្ទាត់ក្រីក្រ របស់កម្មករនិយោជិតជាចាំបាច់បំផុត ៕

To Top