ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ បង្ហើបពីការសិក្សា ត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិ ក្នុងការជ្រើសរើសមេភូមិ អនុភូមិ សមាជិកភូមិ ទូទាំងប្រទេស

ព្រៃវែង ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀម លក្ខណៈពិនិត្យកែសម្រួលឡើងវិញ នូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និង សមាជិកភូមិ ទូទាំងប្រទេស។

ការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ធ្វើឡើងមួយថ្ងៃបន្ទាប់ពី លោក ក្នុងនាមប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំដើម្បីពិនិត្យបញ្ហាប្រឈម និងសំណូមពរ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏រួមទាំងការ ពិនិត្យពិភាក្សាសំណើកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិផងដែរ។

បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងរយៈកាលប្រមាណ ២០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជា រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ជាប្រវត្តិសាស្រ្តកាលពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំបំពេញការងារយ៉ាងសកម្មតាមតួនាទី និងភារកិច្ច ជាពិសេសការដើរតួនាទីជាស្ពានទំនាក់ទំនងការងាររវាងពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយសំណើ សំណូមពរ និងតម្រូវការផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់បទពិសោធ នៃការអនុវត្តជាច្រើនមកនេះ ស្ថានភាពសង្គម កាន់តែមានការរីកចម្រើន ប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសតម្រូវការអាទិភាពក្នុងកិច្ចការប្រចាំថ្ងៃនៅមូលដ្ឋាន ដែលពាក់ព័ន្ធ នឹងតួនាទីថ្នាក់ដឹកនាំភូមិ ដែលទាមទារ ឱ្យមានការពិនិត្យ និងកែសម្រួលឡើងវិញ ទាំងគោលការណ៍ នីតិវិធី និងលក្ខណៈសម្បត្តិ នៃការជ្រើសរើស ដោយពិនិត្យលើអាយុ កម្រិតវប្បធម៌ និងអាណត្តិការងារ ធ្វើយ៉ាងណាដើម្បីធានារួមចំណែក បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

យោងតាមសេចក្ដីណែនាំលេខ០០៤ ចុះហត្ថលេខា ដោយសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៦ ដែលអនុវត្តមកដល់បច្ចុប្បន្ន ក្នុងចំណោម លក្ខខណ្ឌមួយចំនួន បេក្ខជនមេភូមិ អនុភូមិ និងសមាជិកភូមិ ត្រូវមានអាយុយ៉ាងតិច ២៥ឆ្នាំ ចេះអាន និងសរសេរអក្សរខ្មែរ។ ថ្នាក់ដឹកនាំភូមិទាំង ៣រូបនេះ មិនមានអាណត្តិ ដូចក្រុមប្រឹក្សាឃុំ សង្កាត់ឡើយ ។ ជាទូទៅ កម្រមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំភូមិណាស់ លើកលែងតែពួកគាត់ ទទួលមរណភាព ឬមានកំហុសផ្ទុយនឹងសេចក្ដី ណែនាំលេខ០០៤ ៕

To Top