ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយ ការដាំនូវពូជស្រូវ នាំចូលពីបរទេស

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំ នូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុក ដូចជា សែនក្រអូប ផ្ការំដួល ចំប៉ីស៧០ ជាដើម មានតម្លៃខ្ពស់ក្នុងទីផ្សារ។

ការលើកឡើងរបស់ លោក ឌិត ទីណា នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រង សហគមន៍កសិកម្មទំនើប មានអ្នកចូលរួមចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ មករា។

ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានលើកឡើង ពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ ក្នុងការជួយដល់ប្រជាកសិករ ទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ ។

លើសពីនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំ នូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជ ស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំប៉ីស៧០ ជាដើមដែលមានតម្រូវការ តាមរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។

បើតាម លោករដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះ ពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញទាំងអស់គ្នា និងមាននិរន្តរភាព ។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករ អំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ខាងមុខនេះ ដែលអាចមានការ ផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម ។ ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម ជាសេនាធិការលើរឿងនេះ បានសហការជាមួយវិស័យឯកជន ដូចជារោងម៉ាស៊ីនកិនស្រូវ ជួយអន្តរាគមន៍ដល់បងប្អូន ប្រជាកសិករទាំងអស់ អាចលក់ផលស្រូវបាន និងទទួលបានការសង្គ្រោះទាន់ពេលវេលា៕

To Top