ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ៖ ការរៀបចំផែនការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ខេត្តកំពង់ធំ មានគោលដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ធំ បានថ្លែងថា ការរៀបចំផែនការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ខេត្តកំពង់ធំ មានគោលដៅ លើកកម្ពស់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការបង្កើន ប្រាក់ចំណូល, ការបង្កើតការងារ និង មុខរបរថ្មីបន្ថែមទៀត។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា «ការរៀបចំផែនការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ខេត្តកំពង់ធំ មានគោលដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការបង្កើនប្រាក់ចំណូល, ការបង្កើតការងារ និង មុខរបរថ្មីបន្ថែមទៀត ជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ និងធ្វើពិពិធកម្មមូលដ្ឋាន កំណើនសេដ្ឋកិច្ចខេត្តកំពង់ធំ ក្រៅពីវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម»។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា ដោយសារខេត្តកំពង់ធំស្ថិតនៅចំចំណុចកណ្ដាលនៃប្រទេសកម្ពុជា និងមានសក្ដានុពលទាក់ទាញជាច្រើន ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប, ដូចនេះ ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ខេត្តនេះ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីបង្កើនតម្លៃបន្ថែម និងបន្ថែមសក្ដានុពល នៃការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងបរទេស។ ប្រការនេះ នឹងជួយធ្វើឱ្យខេត្តកំពង់ធំ លែងគ្រាន់ តែជាកន្លែងភ្ញៀវឆ្លងកាត់ ឬ ទៅហួសមកហួសដូចមុន ពោលគឺខេត្តកំពង់ធំនឹងក្លាយ ជាខេត្តគោលដៅ កម្សាន្តអន្តរខេត្តទី១ មុននឹងទេសចរ ទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅ ទេសចរណ៍មួយ តាមទិសពីភ្នំពេញ ទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅគោលដៅ ទេសចរណ៍ផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានចង្អុលទិសដៅអាទិភាព មួយពាក់ព័ន្ធនឹងការរៀបចំផែនការ អភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តកំពង់ធំ សម្រាប់អនុវត្ត ក្នុងរយៈពេល ៣ ឬ ៤ឆ្នាំ និងបានផ្តល់ការណែនាំ ឱ្យបង្កើត ក្រុមការងារចំនួន ២ ដោយក្រុមការងារទី១ ធ្វើការសិក្សា រៀបចំផែនការ អភិវឌ្ឍន៍តំបន់សំបូរព្រៃគុក ដែលមាន សក្តានុពលខ្ពស់ ខាងផ្នែកវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដោយត្រូវថ្ពក់ជាមួយសហគមន៍ និងតំបន់សក្តានុពល ទេសចរណ៍ជុំវិញផ្សេងទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍន៍ ពហុទេសចរណ៍។

ចំពោះក្រុមការងារទី២ ធ្វើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់ក្នុងក្រុងស្ទឹងសែន ឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែម តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជា៖ ផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពជាដើម៕

To Top